Man City ប្រកាសដាក់ដេញថ្លៃអាវក្រៅរបស់ Pep ក្រោយឈ្នះពាន៣ក្នុងមួយរដូវកាល ដើម្បីសប្បុរសធម៌

មាស សុផាណារ៉ុង May 19, 2019


 

អង់គ្លេស៖ ក្លឹប Manchester City បានប្រកាសនឹងធ្វើការដាក់ដេញថ្លៃអាវរងាក្រៅ ពណ៌ប្រផេះ ដែលជាអ្នកចាត់ការ លោក Pep Guardiola តែងតែពាក់ក្នុងពេលឈរបញ្ជាដឹកនាំក្រុម ដើម្បីប្រមូលមូលនិធិសម្រាប់ទីក្រុងរបស់ពួកគេនៅក្នុងកិច្ចការងារសប្បុរសធម៌ប្រចាំសហគមន៍។

ការដែលយកអាវក្រៅរបស់គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះមកដាក់ដេញថ្លៃលក់គឺដើម្បីអបអរជាមួយនឹងក្លឹបបានក្លាយជាក្រុមដំបូងគេនៅលីគបាល់ទាត់អង់គ្លេស ឈ្នះពានរង្វាន់ក្នុងស្រុក ៣ក្នុងមួយរដូវកាល ហើយដើម្បីឲ្យគាំទ្រដែលមានសំណាងតែម្នាក់គត់រួមចំណែកជាមួយក្លឹបតាមរយៈអាវដែល លោក Pep តែងតែពាក់ឈរបញ្ជារដឹកនាំក្រុមឲ្យទទួលជោគជ័យមួយនេះ ឈ្នះលើការដេញថ្លៃយកថវិកាទៅជួយដល់កិច្ចការសប្បុរសធម៌ដែលក្លឹបបានរៀបរាប់ខាងលើ។

«អាវរងាក្រៅ» នេះគឺត្រូវបានកត់សម្គាល់ថាជាអាវសំណព្វចិត្តរបស់លោកដែលពាក់ស្ទើរគ្រប់រដូវកាល ដោយកាលពីយប់មិញផងដែរ លោកបានរួមចំណែកឲ្យក្រុមឈ្នះពានចុងក្រោយ និងជាពានទី៣ ក្នុងរដូវកាលនេះ ដោយលទ្ធផល ៦-០ លើក្រុម Watford ក្នុងពានរង្វាន់ FA Cup ដោយមានអាវនេះនៅនឹងខ្លួនដូចគ្នា។

គេដឹងដែរថា សម្លៀកបំពាក់ក្រណាត់រោមពណ៌ប្រផេះ មួយនេះគឺចេញមកពីហាងប្រពន្ធរបស់លោកផ្ទាល់តែម្ដង ដែលស្ថិតនៅក្នុងទីក្រុង Barcelona ហើយលោក Guardiola ត្រូវបានគេមើលឃើញថាកម្រនឹងមិនពាក់អាវប្រភេទនេះណាស់ ជាពិសេសនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។

បញ្ជាក់ថា ក្រុមរបស់លោក Pep Guardiola បានក្លាយជាក្រុមដំបូងគេនៅលីគបាល់ទាត់អង់គ្លេស ដែលបានឈ្នះពានរង្វាន់ក្នុងស្រុក ៣ក្នុងមួយរដូវកាល រួមមានលីគកំពូល ( Premier League ) ពានកម្រិតទី៣ ប្រចាំប្រទេស ( FA Cup ) និងពានកម្រិតទី៣ ប្រចាំប្រទេស ( League Cup )៕

 

ប្រភព៖ BBC

រូបភាព៖ Manchester City

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់