Man City អាចនឹងក្លាយជាក្រុមដំបូងគេនៅអង់គ្លេសលើកពានប្រចាំប្រទេស៣ពាន ក្នុងរដូវកាលតែមួយ

មាស សុផាណារ៉ុង May 18, 2019


 

អង់គ្លេស៖ ក្រុម Manchester City អាចនឹងក្លាយជាក្រុមដំបូងគេនៅអង់គ្លេសលើកពានក្នុងស្រុក ៣ក្នុងរដូវកាលតែមួយ យប់នេះ ប្រសិនបើពួកគេអាចយកឈ្នះលើក្រុម Watford នឹងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup។

ក្រុមរបស់លោក Pep Guardiola បានឈ្នះពានរង្វាន់ក្នុងស្រុក ២រួចមកហើយ រួមមានលីគកំពូល ( Premier League ) និងពានកម្រិតទី៣ ប្រចាំប្រទេស ( League Cup ) ខណៈពានដែលគេត្រូវប្រជែងយប់នេះ គឺជាពានកម្រិតទី២ ប្រចាំប្រទេស។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ Man City អាចនឹងក្លាយជាក្រុមបាល់ទាត់បុរស ដំបូងគេដែលឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៣ នៅអង់គ្លេស ក្នុងរដូវកាលតែមួយ ប្រសិនបើពួកគេអាចយកឈ្នះ Watford ខណៈនៅអង់គ្លេសមិនទាន់មានក្រុមបុរសណាមួយអាចឈ្នះពាន ៣ខាងលើក្នុងរដូវកាលតែមួយឡើយ ( មានតែក្រុមបាល់ទាត់នារី Arsenal ប៉ុណ្ណោះដែលឈ្នះពាន៣ ក្នុងរដូវកាលតែមួយ )។

ករណីដូចជា Manchester United ក៏ធ្លាប់ឈ្នះពាន៣ ក្នុងរដូវកាលតែមួយ ប៉ុន្តែមិនមែនជាពានក្នុងស្រុកទាំងអស់ឡើយ ពោលកាលគ្រានោះ ឆ្នាំ១៩៩៩ Man UTD បានឈ្នះ Premier League, Champions League និង FA Cup ប៉ុន្តែពុំបានលើកពាន ( League Cup ) ឡើយ។ ករណីមួយទៀតកាលពីឆ្នាំ២០០១ Liverpool បានឈ្នះពាន៣ដូចគ្នា ដែលរួមមាន FA Cup, League Cup និង UEFA Cup ( បច្ចុប្បន្ន Europa League ) ក្រោមការដឹកនាំរបស់ លោក Gerard Houllier ​និងពុំបានលើកពាន Premier League ឡើយ។

សូមបញ្ជាក់ផងដែរថា ការប្រកួត FA Cup វគ្គផ្ដាច់ព្រ័ត្រ រវាង Manchester City ជាមួយ Watford យប់នេះ នឹងធ្វើឡើងនៅវេលាម៉ោង១១យប់ ( ម៉ោងនៅកម្ពុជា ) នៅកីឡដ្ឋានជាតិអង់គ្លេស Wembley Stadium។ សម្រាប់ក្រុម Watford ក៏ត្រូវការជ័យជម្នះដូចគ្នា ដើម្បីបានកៅអីប្រកួតក្នុងពានកម្រិតទី២ ប្រចាំទ្វីបអ៊ឺរ៉ុប ( ​Europa League ) នៅរដូវកាលក្រោយ៕

ចាំមើលថាតើ Manchester City អាចបំបែកកំណត់ត្រាធ្វើជាក្រុមដំបូងនៅអង់គ្លេសដែលលើកពាន៣ ក្នុងរដូវកាលតែមួយបានដែរឬទេ?

 

រូបភាព៖ Manchester City

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់