អ្នកចាំទីសញ្ជាតិវៀតណាម ថាមិនស្ដាយក្រោយឡើយដែលចូលរួមជាមួយ Muangthong ទោះក្លឹបកំពុងដុនដាប

មាស សុផាណារ៉ុង May 17, 2019


 

ថៃ៖ ទោះបីជា Muangthong United កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់នៅលីគកំពូលថៃ នាពេលថ្មីៗនេះ ក៏អ្នកចាំទីសញ្ជាតិវៀតណាម Dang Van Lam ជឿជាក់ថារូបគេនៅតែសម្រេចចិត្តត្រឹមត្រូវ ក្នុងការចូលរួមជាមួយក្រុមថៃមួយនេះ។

អ្នកចាំទីវៀតណាមរូបនេះ បាននិយាយថា៖ «ខ្ញុំមិនអាចឆ្លើយតបបានទេនូវអ្វីដែលក្រុមនេះកំពុងជួបប្រទះពេលនេះ ប៉ុន្តែនេះពិតជាឆ្នាំដ៏លំបាកមួយសម្រាប់ Muangthong ចាប់តាំងពី Thai League បានចាប់ផ្តើមរួមទាំង FA Cup និង League Cup ទោះយ៉ាងណាយើងនៅតែព្យាយាម ដើម្បីរកទំនុកចិត្តរបស់ក្រុមត្រលប់មកវិញ។»

Dang Van Lam និងមិត្តរួមក្រុមរបស់គេ ស្ថិតក្នុងស្ថានភាពលំបាក ដោយពួកគេទើបតែធ្លាក់ចេញពីពានកម្រិតទី៣ ប្រចាំប្រទេស ( League Cup ) ដោយក្រុមនៅលីគទី២ ( Thai League 2 ) Police Tero FC ខណៈនៅលីគកំពូលថៃ Muangthong កំពុងតែស្ថិតនៅបាតតារាង ដោយប្រកួតកន្លងមកឈ្នះតែ២ដងគត់ ស្មើ១ និងចាញ់ដល់ទៅ ៧ដង មាន៧ពិន្ទុ។

នេះគឺជាសមិទ្ធផលដ៏ក្រៀមក្រំមួយពីព្រោះ Muangthong ត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រជែងជើងឯកលីគកំពូលថៃ។ យ៉ាងណា Van Lam គិតថា Muangthong នៅតែជាក្រុមធំទោះបីជាស្ថានភាពបែបណាក៏ដោយ៖ «នៅពេលខ្ញុំផ្លាស់មក Muangthong ខ្ញុំដឹងថានេះគឺជាក្លឹបដ៏ធំមួយនៅថៃ ព្រោះពួកគេបានឈ្នះជើងឯកថៃច្រើនដង ហើយនេះនៅតែជាក្រុមធំ។ បើទោះបីជាលទ្ធផលចុងក្រោយមិនល្អក៏ដោយ»។

«គ្រប់ក្លឹបទាំងអស់ទាំងមានពេលវេលាដ៏លំបាក នឹងមានស្ថានការណ៍លំបាក។ ឆ្នាំនេះជាឆ្នាំមិនល្អសម្រាប់ Muangthong ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺថាអ្វីៗមិនទាន់បញ្ចប់ទេ វាទើបតែ ១០ប្រកួតប៉ុណ្ណោះ ហើយយើងជឿជាក់ថាយើងនឹងមានចំណាត់ថ្នាក់ល្អ។»  Dang Van Lam បន្ត។

Dang Van Lam ផ្ទាល់មិនទាន់មានកំណត់ត្រាល្អនៅឡើយទេចាប់តាំងពីរូបគេបានចូលរួមជាមួយក្រុមថៃមួយនេះ ពោលគឺពីការប្រកួត ១០លើក នៅលីគកំពូលថៃ នារដូវកាលនេះ Van Lam បានរបូតដល់១៩គ្រាប់ ដែលជាមធ្យមរបូត ២គ្រាប់ក្នុងមួយប្រកួត។

ជួបការលំបាកជាច្រើនជាមួយក្រុមថ្មីមិនមែនជាអ្វីដែល van Lam ចង់ជួបនោះទេ ប៉ុន្តែគេគិតថា គេមិនខុសឡើយនៅពេលដែលជ្រើសរើសចូលរួមជាមួយ Muangthong។ អ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះបាននិយាយថា៖ «អ្វីដែលកើតឡើង ខ្ញុំនៅតែជឿជាក់ថាការសម្រេចចិត្តលេងនៅថៃ គឺជាជំហានដ៏សំខាន់មួយនៅក្នុងអាជីពរបស់ខ្ញុំ។ វាជួយឱ្យខ្ញុំមានបទពិសោធន៍ក្នុងលីគថៃ ខ្ញុំបានរៀនសូត្រអ្វីគ្រប់យ៉ាងនៅក្នុងប្រទេសនេះ។»

សប្ដាហ៍នេះផងដែរ Muangthong United នឹងត្រូវប៉ះក្រុម Suphanburi ដែលកំពុងដុនដាប់ដូចគ្នា តែត្រូវប្រកួតក្រៅដី៕

 

រូបភាព៖ Muangthong United FC.

ប្រភព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់