Man City ប្រឈមនឹងការហាមឃាត់មិនឲ្យលេង Champions League ក្រោយរកឃើញថាបាន​រំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ

មាស សុផាណារ៉ុង May 17, 2019


 

អង់គ្លេស៖ ក្រុមជើងឯក Premier League រដូវកាល២០១៨-១៩ ក្រុមមេឃខៀវ Manchester City ត្រូវបានគេវិនិច្ឆ័យឃើញថាបានប្រព្រឹត្តល្មើសនឹងច្បាប់ហិរញ្ញវត្ថុ ដោយភ្នាក់ងារស៊ើបអង្កេតការគ្រប់គ្រងហិរញ្ញវត្ថុក្លឹប (CFCB) នៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប។

ការណ៍ដែលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងច្បាប់ហិរញ្ញវត្ថុ នេះនឹងធ្វើឲ្យក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស មួយនេះ ប្រឈមនឹងការហាមឃាត់មិនឲ្យចូលរួមប្រកួតក្នុងក្របខ័ណ្ឌបាល់ទាត់ពានរង្វាន់ទ្វីបអ៊ឺរ៉ុប UEFA Champions League នារដូវកាលក្រោយ។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ( UEFA​) នៅ​​ល្ងាចថ្ងៃទី១៦ ម្សិលមិញ ( ត្រូវនឹងវេលាព្រឹកនៅទ្វីបអ៊ឺរ៉ុប ) បានបញ្ជាក់ថាអង្គភាពស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា Manchester Ciyt បានរំលោភលើបទបញ្ជារបស់ គោលការណ៍នៃភាពស្មើគ្នាក្នុងផ្នែកហិរញ្ញវត្ថុ ( Financial Fair Play – FFP )។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ UEFA បានពន្យល់ថា៖ «ភ្នាក់ងារស៊ើបអង្កេតការគ្រប់គ្រងហិរញ្ញវត្ថុក្លឹប ( CFCB ) បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកដទៃទៀត នៃអង្គភាពស៊ើបអង្កេតឯករាជ្យ បានសម្រេចចិត្តបញ្ជូនក្លឹប Manchester City ទៅឱ្យអង្គជំនុំជម្រះ CFCB ដោះស្រាយបន្ទាប់ពីបានធ្វើការសន្និដ្ឋាន ពីការស៊ើបអង្កេតរបស់ក្លឹបនេះ។ គណៈកម្មាធិការស៊ើបអង្កេត CFCB បានបើកការស៊ើបអង្កេតមួយទៅលើក្លឹប Manchester City FC កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ចំពោះការរំលោភបំពានបទបញ្ជាហិរញ្ញវត្ថុ ( FFP ) ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅតាមបណ្តាញសារព័ត៌មានជាច្រើន»។

UEFA បានបន្តថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើសនេះឡើយក្នុងពេលរង់ចាំការវិនិច្ឆ័យចុងក្រោយដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

ជាមួយគ្នាផងដែរ Manchester City ក៏បានចេញសេចក្ដីថ្លែង ក្នុងន័យពុំទទួលស្គាល់ដោយបានបញ្ជាក់ ថាជាការបកស្រាយពុំត្រឹមត្រូវ និងមានការយល់ច្រឡំដែលជាមូលដ្ឋានបង្ហាញពីកង្វះខាតនៃនីតិវិធីត្រឹមត្រូវ ហើយក្លឹបមានទំនុកចិត្តទាំងស្រុងក្នុងលទ្ធផលវិជ្ជមាន នៅពេលបញ្ហានេះត្រូវបានដោះស្រាយដោយស្ថាប័នតុលាការឯករាជ្យ។

គួរដឹងដែរថា តាំងពីខែមីនា មកភ្នាក់ងារស៊ើបអង្កេត UEFA បានពិនិត្យមើលឯកសារលេចធ្លាយដែលចេញផ្សាយដោយកាសែតអាល្លឺម៉ង់ Der Spiegel កាលពីឆ្នាំមុន បានបង្ហាញថាក្រុម Manchester City បានលាក់បាំង ​UEFA ក្នុងការក្លែងបន្លំដោយមិនបានបង្ហាញថាខ្លួនបានបញ្ជូនលុយដោយផ្ទាល់ទៅឱ្យក្រុមហ៊ុនរបស់ម្ចាស់ក្លឹប ព្រះអង្គម្ចាស់ Sheikh Mansour ( ក្រុមហ៊ុន Abu Dhabi ) តាមរយៈអ្នកឧបត្ថម្ភផ្សេង ដែលនាំឲ្យមានការកើនឡើងប្រាក់ចំណូលផ្នែកពាណិជ្ជកម្មរបស់គេ ផ្ទុយនឹងច្បាប់របស់ FFP ដែលតម្រូវឱ្យក្លឹបមានប្រាក់ចំណេញ ជាមួយប្រាក់ចំណាយគឺមានភាពស្មើគ្នា៕

 

ប្រភព៖ The Sun

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់