Muangthong មិនចង់ឲ្យសហព័ន្ធកីឡាបាល់ទាត់ថៃកោះហៅកីឡាករខ្លួន ព្រោះខ្លាចប៉ះពាល់ជម្រើសជាតិ

មាស សុផាណារ៉ុង May 16, 2019


 

ថៃ៖ ក្លឹបបាល់ទាត់ Muangthong United កាលពីពេលថ្មីៗបានស្នើសុំសហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) មិនឱ្យកោះហៅកីឡាកររបស់ខ្លួន ដោយសារតែភ័យខ្លាចនូវទម្រង់លេងដ៏អាក្រក់របស់ពួកគេប៉ះពាល់ដល់ក្រុមជម្រើសជាតិថៃក្នុងការប្រកួត King’s Cup។

ជំនួយការក្លឹបបាននិយាយថា ថ្នាក់ដឹកនាំរបស់ក្លឹប Muangthong បានជួបប្រជុំកាលពីថ្ងៃទី១១ ខែឧសភា និងបានយល់ព្រមបញ្ជូនសំណើរបស់ទៅកាន់ FAT ដើម្បីកុំកោះហៅកីឡាករ Muangthong ចូលក្រុមជម្រើសជាតិថៃ។ ក្លឹបដ៏ខ្លាំងរបស់ថៃមួយនេះ បានចាញ់៥ប្រកួតជាប់ៗគ្នា ក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់គេក្នុងលីគ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខ័ណ្ឌលីគថៃ។

អ្នកតំណាង Muangthong ជឿជាក់ថា គ្មានកីឡាករថៃណាមួយរបស់ពួកគេមានស្ថានភាពល្អទេនៅពេលនេះ។ អ្នកតំណាងដដែលគិតថាកីឡាកររបស់គេនឹងមិនអាចលេងបានល្អប្រសិនបើពួកគេត្រូវបានកោះហៅ ហើយអាចប៉ះពាល់ដល់ការលេងរបស់ជម្រើសជាតិថៃ នៅក្នុងពាន King’s Cup ផងដែរ។ ថ្នាក់ដឹកនាំ Muangthong មានការព្រួយបារម្ភថាអ្នកគាំទ្រថៃ ប្រហែលជាខកចិត្តដោយសារការបង្ហាញទម្រង់លេងរបស់កីឡាករ Muangthong។ សំណើរបស់ Muangthong សម្រាប់ FAT គឺជារឿងដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ថៃ។

ក្រុមថៃនឹងប្រមូលផ្តុំហ្វឹកហាត់ នៅចុងខែឧសភា នេះដើម្បីត្រៀមសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ King’s Cup ឆ្នាំ២០១៩ ដែលពួកគេធ្វើជាម្ចាស់ផ្ទះ។ ថៃ នឹងប្រកួតជាមួយ វៀតណាម នៅថ្ងៃទី០៥ ខែមិថុនា។ គោលដៅរបស់ថៃក្នុងយុទ្ធនាការនេះគឺដើម្បីយកឈ្នះជើងឯក និងបង្ហាញថាពួកគេគឺជាក្រុមលេខមួយ នៅក្នុងបាល់ទាត់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញបញ្ជីឈ្មោះកោះហៅគឺត្រូវបានសហព័ន្ធបញ្ចេញមកហើយផងដែរ ដោយកីឡាករ Muangthong ចំនួន ៤នាក់ត្រូវបានកោះហៅចូលរួមមានខ្សែការពារ Adisorn Promrak ខ្សែបម្រើ Sarach Yooyen និងខ្សែប្រយុទ្ធ Teerasil Dangda ជាមួយ Adisak Kraisorn ដែលសុទ្អសឹងតែស្ថិតក្នុងបញ្ជីបឋម ៣៥នាក់ មុនធ្វើការជម្រុះចេញ៕

 

រូបភាព៖ FA Thailand / ช้างศึก

ប្រភព៖ siamsports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់