គ្រូដែលនាំ ជារី ចន្ថាប៊ីន មក Terengganu ទីបំផុតបានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹក

មាស សុផាណារ៉ុង May 16, 2019


 

ម៉ាឡេស៊ី៖ លោក Irfan Bakti Abu Salim ដែលជាគ្រូបង្វឹករបស់ Terengganu FC ( ក្លឹបដែល ជារី ចន្ថាប៊ីន ប្រកបអាជីពជាមួយ ) បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមពុំទទួលលទ្ធផលល្អនាប៉ុន្មានប្រកួតមកនេះ។ ការណ៍នេះត្រូវបានប្រកាសដោយក្លឹបបាល់ទាត់ Terengganu នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញ។

មានការបញ្ជាក់ពីខាងក្លឹបថា លោក Irfan Bakti បានធ្វើការសម្រេចចិត្តដោយស្ម័គ្រចិត្តលាលែងពីតំណែងបន្ទាប់ពីការដឹកនាំក្រុមមិនបានល្អ ក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី នៅរដូវកាលនេះ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ លោក Irfan Bakti បានចូលមកដឹកនាំ Terengganu និងបានជួយឲ្យក្លឹបឈ្នះពានរង្វាន់ FA Cup និងបានជើងឯករងទាំង Malaysia Cup និងលីគកំពូលម៉ាឡេស៊ី ( Super League ) មុនពេលជួយឱ្យក្រុមនេះមានសិទ្ធិចូលរួមប្រកួត AFC Cup ជាលើកដំបូងក្នុងឆ្នាំ២០១២។

លោក Irfan Bakti បានវិលត្រឡប់មកដឹកនាំ Terengganu វិញនៅឆ្នាំ២០១៧ ហើយបានជួយឱ្យក្រុមនេះលេចធ្លោជាថ្មីដោយជួយឲ្យក្រុមបានជើងឯករង នៅលីគទី២ ម៉ាឡេស៊ី ( Premier League ) នឹងកៅអីឡើងមកលីគកំពូលសារជាថ្មី ( Super League ) នៅឆ្នាំ២០១៨ ហើយបានជួយក្លឹបឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Malaysia Cup សារជាថ្មី តែបានត្រឹមជើងឯករងដដែល នៅឆ្នាំ២០១៨។

ជាមួយគ្នានេះផងដែរ កីឡាករកម្ពុជា ដែលត្រូវបានលោកនាំយកមករួមក្លឹប ​ជារី ចន្ថាប៊ីន ក៏បានសម្ដែងនូវការអរគុណដល់អតីតគ្រូរបស់ខ្លួនផងដែរ សម្រាប់រយៈពេល២ឆ្នាំដែលអ្នកទាំង២ រួមរស់លើសមរភូមិវាលស្មៅជាមួយគ្នា លើទឹកដីនៃប្រទេសម៉ាឡេស៊ី។

Terengganu បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៨ ក្រោយប្រកួតបានពាក់កណ្ដាលផ្លូវនៃលីគកំពូលម៉ាឡេស៊ី ហើយប្រកួតក្រុមនេះនឹងឲ្យជំនួយការគ្រូបង្វឹកដឹកនាំបណ្ដោះអាសន្នសិន មុនក្លឹបប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មី៕

 

រូបភាព៖ Terengganu Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់