Arsenal និង Chelsea ដឹកដៃគ្នាទៅវគ្គផ្ដាច់ព្រ័ត្រ Europa League ជាផ្លូវការ

មាស សុផាណារ៉ុង May 10, 2019


 

អ៊ឺរ៉ុប៖ ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ​ជើង​ទី​២ ​កាល​ពី​យប់​មិញ ក្រុមមកពីអង់គ្លេសទាំង Arsenal ជាមួយ Chelsea សុទ្ធតែឈ្នះ និងបានដឹកដៃគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាផ្លូវការ។

ការប្រកួតចំនួន ២គូ ក្រុមខ្លាំងរបស់អង់គ្លេស Chelsea និង Arsenal សុទ្ធតែបន្តមានលទ្ធផលល្អសម្រាប់ជើងទី២ បន្ទាប់ពីឈ្នះគូប្រកួតរៀងៗខ្លួន ពោលគឺ​ Chelsea យកឈ្នះ Frankfurt ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នាទាំង ២ជើង ២ទល់២ ខណៈ Arsenal ឈ្នះ Valencia សរុបទាំង ២ជើង ៣ទល់៧។

ដូច្នេះ លទ្ធផលដែល Arsenal ទម្លាក់ Valencia និង Chelsea ទម្លាក់ Frankfurt ធ្វើឲ្យក្រុមទាំងពីរត្រូវតតាំងគ្នា នៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ នៅទីក្រុង Baku ប្រទេសអាហ្សាប៊ែហ្សង់។

នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមមកអង់គ្លេស ៤ក្រុម អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបទាំង២ ក្នុងឆ្នាំតែមួយ ជាមួយ Liverpool និង Spur ដែលនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដូចគ្នានៅក្នុងពាន UEFA Champions League៕

 

រូបភាព៖ UEFA Europa League

អត្ថបទ៖ ណារ៉ុង

មតិយោបល់