អង់គ្លេសអាចក្លាយជាប្រទេសដំបូងគេ ដែលមានក្លឹប៤ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុបទាំង២ក្នុងឆ្នាំតែ១

មាស សុផាណារ៉ុង May 9, 2019


 

អ៊ឺរ៉ុប៖ អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេដែលមានក្រុម៤ អាចឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃក្របខ័ណ្ឌកំពូលរបស់ទ្វីបអ៊ឺរ៉ុប UEFA នេះប្រសិនបើ Arsenal និង Chelsea អាចឈ្នះក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League យប់នេះ។

Liverpool បានរក្សាតំណែងរបស់ពួកគេនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការវាយបកយកឈ្នះមិនគួរឱ្យជឿ ទល់នឹង Barcelona ហើយក្រុមហង្សក្រហមមួយនេះនឹងត្រូវប៉ះ Tottenham Hotspur ដែលបានយកឈ្នះ Ajax នៅក្នុងស្ថានភាពដ៏គួរឱ្យកត់សម្គាល់ដូចគ្នា។

នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ក្រុមតោខៀវ Chelsea ត្រូវទទួលក្រុម Eintracht Frankfurt ជាមួយនឹងការប្រកួតកាលពីជើងទី១ ស្មើគ្នា ១ទល់១ ខណៈដែល Arsenal យកឈ្នះ Valencia ៣ទល់១។

យោងតាមសេចក្ដីរបស់ Goal បានបញ្ជាក់ថា ប្រសិនវគ្គផ្ដាច់ព្រ័ត្រមានក្រុមអង់គ្លេសទាំង ៤នេះ នោះវានឹងក្លាយជារឿងមួយដែលមិនធ្លាប់មានពីមុនមក ព្រោះភាគច្រើនមានតែ៣ក្រុមប៉ុណ្ណោះ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អឺរ៉ុបទាំងពីរនេះ ដែលមកពីប្រទេសតែមួយ។

នៅឆ្នាំ១៩៨០ ក្រុមអាល្លឺម៉ង់ Eintracht Frankfurt និង Borussia Monchengladbach បានជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Cup ( Europa League បច្ចុប្បន្ន ) ខណៈដែល Hamburg បានយកឈ្នះ Nottingham Forest ក្នុងវគ្គផ្តាច់ព្រ័ត្រពាន European Cup ( បច្ចុប្បន្ន UEFA Champions League )។

នៅឆ្នាំ១៩៩០ ក្លឹបអ៊ីតាលីទាំង២ Juventus បានជួប Fiorentina ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Cup ខណៈដែល AC Milan ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាមួយនឹងការឈ្នះ Benfica របស់ព័រទុយហ្គាល់៕

 

រូបភាព៖ premierleague

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់