គ្រូ Spur អរគុណបាល់ទាត់ដែលនាំឲ្យរូបលោកស្គាល់រសជាតិបែបនេះ

មាស សុផាណារ៉ុង May 9, 2019


 

ហូឡង់៖ លោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្រុមមាន់ខ្នាយមាស Tottenham Hotspur បានថ្លែងអរគុណដល់បាល់ទាត់ ដែលនាំឲ្យរូបលោកស្គាល់រសជាតិបែបនេះ។

រសជាតិបែបនេះដែល លោក Mauricio Pochettino លើកឡើងគឺតាមរយៈការដឹកនាំក្រុមជួយឲ្យបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ជាមួយនឹងការវាយបកយកឈ្នះ ​Ajax ដ៏មិនគួរឲ្យជឿ ក្នុងលទ្ធផលសរុបទាំង២ជើង ៣ទល់៣ តែ Spur ឈ្នះលើគ្រាប់បាល់ក្រៅដី។

លោក Pochettino បានលើកឡើងថា៖ «វគ្គទី២គឺពិតជាអស្ចារ្យ អរគុណបាល់ទាត់។ អារម្មណ៍ប្រភេទនេះមិនអាចទៅរួចទេបើគ្មានបាល់ទាត់។ សូមអរគុណចំពោះអ្នកគាំទ្រ អ្នកដែលជឿលើយើងហើយសំរេចបាននូវរឿងដ៏អស្ចារ្យនេះ។ វាពិបាកក្នុងការពណ៌នាណាស់។»

សូមបញ្ជាក់ថា Tottenham Hotspur ទី​បំផុត​បាន​ក្លាយ​ជា​ក្រុម​អង់គ្លេស​ទី២ ​ដែល​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ឆ្នាំ​២០១៩​ នេះបន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ Ajax ខណៈកាល​ពី​ជើង​ទី​១​ Spur ​បាន​ចាញ់​ Ajax នៅ​ដី​ខ្លួន​ឯង​ ១-០ ហើយ​យប់​មិញ​នៅ​ទឹកដី​ហូឡង់​ពួកគេ​ត្រូវម្ចាស់ផ្ទះបើក​ការ​នាំ​មុខ​ ២គ្រាប់បន្ថែម​នៅ​នាទី​​៥ និង​នាទី៣៥។​ យ៉ាង​ណា​ក្រុម​ភ្ញៀវ​មក​ពី​អង់គ្លេស​មិន​បាន​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ទេ​ ពោល​គឺ​បាន​សង​៣​គ្រាប់​វិញ​ដោយ​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Lucas Moura ទាំង​៣​គ្រាប់​នៅ​នាទី​ ៥៥, ៥៩ និង​៩០+៥។​​ លទ្ធផល​ទាំង​ពីរ​ជើង​ ៣-៣ តែ​ Spurs ឡើង​ដោយ​សារ​ចំណេញ​គ្រាប់​ក្រៅ​ដី​ច្រើន​ជាង។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ Tottenham និង​ Liverpool នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​ នៅ​កីឡដ្ឋាន​ក្រុម​ Atletico Madrid ប្រទេស​អេស្ប៉ាញ ដែល​ជាទឹកដីកណ្ដាល៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់