ចាប់ឆ្នោតពាន King’s Cup ម្ចាស់ផ្ទះថៃ ជួបវៀតណាម ដូចការរំពឹងទុក

មាស សុផាណារ៉ុង May 8, 2019


 

ថៃ៖ ការប្រកួតពានរង្វាន់បែបមិត្តភាព King’s Cup ដែលរៀបជារៀងរាល់ឆ្នាំដោយប្រទេសថៃ បានធ្វើការចាប់ឆ្នោតផ្គូរផ្គង់ការប្រកួតរួចរាល់ហើយ ដោយម្ចាស់ផ្ទះផ្ទាល់ នឹងត្រូវជួបប្រកួតជាមួយ វៀតណាម ដូចដែលអ្នកគាំទ្រទន្ទឹងរង់ចាំ។

ពានរង្វាន់នេះ មានតែប្រទេសចំនួន៤ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះថៃ, វៀតណាម, ឥណ្ឌា និងខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល គឺធ្វើការប្រកួតជាលក្ខណៈជម្រុះយកតែម្ដង ខណៈការចាប់ឆ្នោតផ្គូរផ្គង់ដែលទើបតែបញ្ចប់នៅមុននេះ បានបង្ហាញថានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្ចាស់ផ្ទះត្រូវប៉ះ វៀតណាម ខណៈឥណ្ឌា នឹងត្រូវជួបជាមួយ ខារ៉ាសៅ។

ការប្រកួតនៃពានរង្វាន់បែបមិត្តភាព ប៉ុន្តែទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) មួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី០៨ ខែដដែល នៅខេត្តបុរីរាម លើកីឡដ្ឋានរបស់ក្លឹបជើងឯកលីគកំពូលថៃ ៧សម័យកាល Buriram United។

សម្រាប់ការជួបគ្នារវាង ថៃ ជាមួយ វៀតណាម ត្រូវបានអ្នកគាំទ្រប្រទេសទាំង២ មិនតែប៉ុណ្ណោះជុំវិញតំបន់អាស៊ីអាគ្នេយ៍ បានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ត្បិតបច្ចុប្បន្ន វៀតណាម កំពុងឡើងជើងខ្លាំង បើធៀបទៅនឹងប្រកួតដែលក្រុមទាំង២ប៉ះគ្នាជាលើកចុងក្រោយកាលពីឆ្នាំ២០១៥។

៥ ប្រកួតចុងក្រោយរាងក្រុមទាំង២ គឺវៀតណាម ឈ្នះ ថៃ តែម្ដងគត់ ខណៈថៃ ឈ្នះវៀតណាម ៣ដង និងម្ដងទៀតស្មើ គិតគ្រប់កម្មវិធីទាំងអស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ King’s Cup គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

 

រូបភាព៖ ช้างศึก / GettyImages NurPhoto

ប្រភព៖ FA Thailand

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់