Klopp ថាការយកឈ្នះ Barca គឺជារឿងដែលពិបាកជាងគេក្នុងលោក ហើយរឹតតែពិបាកទៅទៀតក្នុងការរក៤គ្រាប់ និងបិទសូន្យ

មាស សុផាណារ៉ុង May 8, 2019


 

អង់គ្លេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា ការយកឈ្នះ Barcelona គឺជារឿងដែលពិបាកជាងគេក្នុងលោក ហើយរឹតតែពិបាកទៅទៀត នៅពេលដែលក្រុមត្រូវការរកគ្រាប់បាល់ ៤គ្រាប់ និងបិទមិនឲ្យគេទាត់ចូល។

ថ្លែងបែបនេះគឺនៅក្រោយនាំក្រុមយកឈ្នះ Barcelona ជាមួយនឹងជ័យជម្នះដ៏មិនគួរឲ្យជឿទាល់តែសោះ ក្នុងលទ្ធផល ៤ទល់០ ( សរុបទាំង២ជើង ៤ទល់៣ ) ដែលសូម្បីតែរូបលោកផ្ទាល់ក៏បានបញ្ជាក់។

លោកបានបញ្ជាក់នៅក្រោយចប់ការប្រកួតថា៖ «ការយកឈ្នះក្នុងការប្រកួតទល់នឹង Barcelona វាគឺជារឿងដ៏ពិបាកបំផុតក្នុងពិភពបាល់ទាត់នៅលើលោក។ យើងត្រូវតែរកគ្រាប់បាល់ឲ្យបាន ៤គ្រាប់ និងការពារសំណាញ់ទីមិនឲ្យរបូត ដែលនេះចាត់ទុកថារឹតតែជារឿងដែលធ្វើឲ្យកាន់តែពិបាកបំផុត»។ លោកបន្តថា៖ «យើងពុំបានគិតអំពីជ័យជម្នះឡើយ ខ្ញុំនិយាយដោយស្មោះត្រង់។ យើងគ្រាន់តែព្យាយាមគិតអំពីអ្វីយើងធ្វើបានល្អនៅ Barcelona ហើយនឹងបន្តដំណើរជាជំហានៗនោះទេ។ ការរួមបញ្ជូលគ្នានៃទឹកចិត្តដ៏មហិមា គឺមិនគួរឱ្យជឿ។ ខ្ញុំឧស្សាហ៍និយាយណាស់ ឥឡូវនេះ រឿងនេះវាអាចទៅរួចហើយ។»

Liverpool ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ ២ឆ្នាំជាប់ៗគ្នា ដោយត្រូវរង់ចាំការឈ្នះរវាង Ajax ជាមួយ Spur នៅយប់នេះ ហើយលោក Klopp បានលើកឡើងថា ក្រុមរបស់លោកបានព្យាយាមលុបចោលនូវការចង់ចាំដ៏អាក្រក់បំផុត កាលពីវគ្គផ្ដាច់ព្រ័ត្រឆ្នាំទៅក្រោមថ្វីជើង Real Madrid។

វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នាទីក្រុង Madrid ប្រទេសអេស៉្បាញ៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ SkySport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់