Arsenal អាចនៅមានឱកាសដណ្ដើម Top 4 ពី Spur ប៉ុន្តែពិបាកដូចឡើងភ្នំភ្លើង

មាស សុផាណារ៉ុង May 6, 2019


 

អង់គ្លេស៖ ការប្រជែងកៅអីសម្រាប់ការប្រកួត Champions League រដូវកាលក្រោយ ( លេខ៣ និងលេខ៤ ) ជិតឈានដល់ផ្លូវសម្រេច ១០០ភាគរយ ហើយដោយនៅរង់ចាំតែការប្រកួតសប្ដាហ៍ចុងក្រោយ ប៉ុណ្ណោះ ខណៈក្រុមតោខៀវ Chelsea បូករួមជាមួយ ២ក្រុមខ្លាំងខាងលើ Man City និង Liverpool បានប្រាកដខ្លួន ១០០ភាគរយហើយ។

ក្រុម ២ដែលនៅសេសសល់ពីការប្រជែងកៅអីចុងក្រោយ គឺនៅសល់តែ Spur ជាមួយ Arsenal ប៉ុណ្ណោះ ដោយលើសខ្វះគ្នាតែ ៣ពិន្ទុ ពោលគឺ Spur នាំមុខជាមួយ នឹងគ្រាប់បាល់ចំណេញច្រើនជាង ៨គ្រាប់ ថែមទៀតផង ស្របពេលដែល Manchester United អស់ឱកាសជាផ្លូវការកាលពីយប់មិញ។

យ៉ាងណាក៏ដោយ ​Arsenal អាចនៅមានឱកាសដណ្ដើមតំណែងចុងក្រោយនេះពី Spur បើសិនជាករណីប្រកួតសប្ដាហ៍ចុងក្រោយ Spur ចាញ់គូប្រកួត Everton ជាមួយនឹងលទ្ធផល ០-៤ ឡើង ខណៈ Arsenal ត្រូវយកឈ្នះគូប្រកួត Burnley ៤-០ ឡើងដូចគ្នាដើម្បីឲ្យទូទាត់គ្រាប់បាល់នៅសល់ស្មើគ្នា ហើយ Arsenal អាចឡើងទៅលើវិញ ដោយសារមានគ្រាប់ទាត់គូប្រកួតច្រើនជាង បើយោងតាមចំណាត់ថ្នាក់ខាងក្រោម។

យ៉ាងណាក៏ដោយ វាត្រូវបានចាត់ទុកថាជារឿងដ៏ពិបាកបំផុតសម្រាប់ Arsenal ត្បិត Spur ត្រូវប៉ះ Everton ក្នុងដី ស្របពេល Arsenal ខ្លួនឯងផ្ទាល់ត្រូវប៉ះ Burnley ក្រៅដីហើយបើក្រឡេកមកមើលលទ្ធផលក្រៅដីរបស់ក្រុមរហ្សនាមកាំភ្លើងធំមួយនេះ គឺធ្វើពុំបានល្អឡើយ ដោយប្រកួត១៨ដង ឈ្នះ៦ដង ស្មើ៤ និងចាញ់៨ដង៕

 

រូបភាព៖ Premier League / Arsenal

អត្ថបទ៖ ណារ៉ុង

មតិយោបល់