Arsenal ឈ្នះតែក៏ត្រូវភ័យខ្លួននៅជើងទី២ ស្របពេល Chelsea មានផលចំណេញសម្រាប់ប្រកួតក្រោយ

មាស សុផាណារ៉ុង May 3, 2019


 

អ៊ឺរ៉ុប៖ ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ​ជើង​ទី​១ ​កាល​ពី​យប់​មិញ ​Arsenal បានផ្ដល់ភាពកក់ក្ដៅដល់ខ្លួនសម្រាប់ជើងទី២ ខណៈ Chelsea មានគុណសម្បត្តិច្រើនគូរសមសម្រាប់ការប្រកួតត្រលប់មកដីខ្លួនឯងសប្ដាហ៍ក្រោយវិញ។

ជាលទ្ធផលពីការប្រកួតយប់មិញ Arsenal បានយកឈ្នះ Valencia ដោយលទ្ធផល ៣ទល់១ លើដីខ្លួនឯងកីឡដ្ឋាន Emirates ខណៈការប្រកួតនេះ Valencia បាននាំមុខមុនតាំងពីនាទី១១ ដោយកីឡាករ Mouctar Diakhaby យ៉ាងណាមិញ Arsenal ដែលស្រេកឃ្លានជ័យជម្នះនាមជាក្រុមម្ចាស់ផ្ទះ បានសងវិញបាន ២គ្រាប់ ជាការទាត់បាល់បញ្ចូលទីដោយកីឡាករ Lacazette ទាំង២គ្រាប់នៅនាទី១៨ និង២៦ ហើយបានរក្សាលទ្ធផលនាំមុខក្នុងវគ្គទី១ ២ទល់១។

នៅវគ្គទី២ ការប្រកួតដែលមានតែការសម្រុកគ្នាទៅវិញទៅមក បានអូសបន្លាយរហូតដល់នាទី៩០ ជិតចប់ការប្រកួតទៅហើយ Aubameyang បានបន្ថែមបាន១គ្រាប់ទៀត ដែលជាគ្រាប់ធានាភាពកក់ក្ដៅខ្លះសម្រាប់ការប្រកួតនៅជើងទី២ លើទឹកដីរបស់ Valencia វិញ។ Arsenal នឹងមានក្ដីព្រួយបារម្ភខ្លះ សម្រាប់ជើងទី២ ដោយសារបណ្ដោយឲ្យ Valencia អាចទាត់ចូលក្រៅដីបាន។

រីឯការប្រកួតរវាង Frankfurt ជាមួយ Chelsea បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១ទល់១។ ម្ចាស់ផ្ទះ Frankfurt បានរកគ្រាប់បាល់ទាត់បញ្ចូលទីមុនដោយកីឡាករ Luka Jovic នៅនាទី២៣ តែក្បែរនឹងបញ្ចប់វគ្គទី១ Pedro បានរកគ្រាប់បាល់តាមស្មើឲ្យ Chelsea នៅនាទី៤៥ និងជាគ្រាប់បាល់ចុងក្រោយនៅក្នុងការប្រកួតនេះ ត្បិតការប្រកួតក្នុងវគ្គទី២ Chelsea មានឱកាសច្រើនក្នុងការបញ្ចប់ក៏ដោយ។

លទ្ធផលស្មើបែបនេះ ជាមួយនឹងគ្រាប់បាល់ទាត់បញ្ចូលទីក្រៅដីសម្រាប់ Chelsea ធ្វើឲ្យក្រុមនេះមានគុណសម្បត្តិសម្រាប់ពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៅជើងទី២ វិញផងដែរ។

សម្រាប់ការប្រកួតជើង​ទី​២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដដែលនៃពាននេះ ​នឹង​ធ្វើឡើងនៅ​​ថ្ងៃ​ទី១០ ខែឧសភា សប្ដាហ៍ក្រោយ ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ UEFA Europa League

អត្ថបទ៖ ណារ៉ុង

មតិយោបល់