ចាញ់ Bracelona មែនពិតតែ Klopp ថាក្រុមនៅតែធ្វើបានល្អសម្រាប់ការប្រកួតក្រៅដី ២រដូវកាលជាប់ៗគ្នា

មាស សុផាណារ៉ុង May 2, 2019


 

អេស៉្បាញ៖ គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយថាក្រុមរបស់លោកបានបង្ហាញទម្រង់លេងដ៏ល្អបំផុតក្នុងក្របខ័ណ្ឌ Champions League សម្រាប់២រដូវកាល បើទោះបីជាចាញ់ Barcelona ៣ទល់០ ក៏ដោយ។

Luis Suarez បានជួយឱ្យ Barca នាំមុខនៅវគ្គទី១ ប៉ុន្តែហង្សក្រហម បានបង្ហាញទម្រង់ដ៏ល្អបន្ទាប់ពីសម្រាកចប់វគ្គទី១។ ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Lionel Messi បានទាត់បាល់បញ្ចូលទី២គ្រាប់ ដើម្បីឲ្យក្រុមកាន់តែមានគុណសម្បត្តិនៅជើងទី២ នៅទឹកដី Anfield ថ្ងៃអង្គារសប្ដាហ៍ក្រោយ។

Klopp បាននិយាយថា៖ «ខ្ញុំមិនដឹងថាយើងអាចលេងបានល្អជាងនេះទេ។ ខ្ញុំគិតថាវាជាការប្រកួតដ៏ល្អបំផុតក្នុងក្របខ័ណ្ឌ Champions League មិនត្រឹមតែក្នុងឆ្នាំនេះទេ កាលពីឆ្នាំមុនក៏បូករួមបញ្ចូលដូចគ្នា។ ខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំថា ខ្ញុំមានមោទកភាពចំពោះរបៀបដែលយើងលេង ទល់នឹងក្រុមដូចនេះ លេងបែបនេះ ខ្ញុំពិតជាសប្បាយចិត្ត។»

«នៅទីបញ្ចប់គ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ – ប្រហែលជាមានតែកីឡាករបាល់ទាត់ប៉ុណ្ណោះដែលនឹងគិតពីវា ព្រោះវាផ្អែកលើលទ្ធផល ហើយយើងចាញ់ ៣-០។» សម្ដីបន្ថែមរបស់ លោក Klopp។

នៅវគ្គទី២ Liverpool បានគ្រប់គ្រងបាល់ច្រើនជាង Barca ពោលគឺ ៥៧.៤ ភាគរយ និងប៉ះបាល់ច្រើន ( ២៨៤ប៉ះ ) រួមជាមួយការទាត់ចំគោលដៅច្រើនជាងវគ្គទី១ ផងដែរ។

សូមបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី​២ រវាងក្រុមទាំងពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារសប្ដាហ៍​ក្រោយ​ លើទឹកដីរបស់ Liverpool វិញម្ដង៕ ​

 

រូបភាព៖ UEFA Champions League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់