គ្រូ Ajax កោតសរសើរដល់កូនក្រុមសម្រាប់ការវាយប្រហារដូចជា «សត្វតោ» លើការយកឈ្នះ Spur

មាស សុផាណារ៉ុង May 1, 2019


 

អង់គ្លេស៖ លោក Erik ten Hag អ្នកចាត់ការទូទៅក្រុម Ajax បានកោតសរសើរដល់ក្រុមរបស់លោកសម្រាប់ការវាយប្រហារដូចជា «សត្វតោ» លើការយកឈ្នះ Tottenham Hotspur ០ទល់១ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេកាលពីយប់ថ្ងៃអង្គារ។

ខ្សែបម្រើ van de Beek ក្លាយជាវីរៈបុរសបន្ទាប់ពីរកគ្រាប់បាល់បានតែ១គ្រាប់គត់ ក្នុងជ័យជម្នះដ៏ធំធេងក្រៅដីបែបនេះ តាំងពីនាទី១៥ នៃវគ្គទី១។

លោក Erik ten Hag បានប្រាប់ Ziggo Sport ថា៖ «វាជាសមិទ្ធផលដ៏អស្ចារ្យមួយ។ យើងបានប្រយុទ្ធដូចជា សត្វតោ។ នៅក្នុងវគ្គទី១ យើងលេងបានល្អណាស់ ហើយគ្រាប់បាល់នេះគឺសមនឹងយើងទទួលបាន។ យើងបានគ្រប់គ្រងការប្រកួត ប៉ុន្តែក្រោយមក យើងមានបញ្ហាខ្លះក្នុងការប្រកួត។»

លោកបានបន្តទៀតថា៖ «នៅក្នុងដំណាក់កាលនោះយើងមានឱកាសច្រើនជាងនេះ ព្រោះយើងអាចរកគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះ ប៉ុន្តែយ៉ាងណាក៏ដោយវានៅតែជាលទ្ធផលដ៏ល្អ»។

សូមបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី​២ រវាងក្រុមទាំងពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ នា​ទី​ក្រុង​អាស្ត៊ែរដាំ​ លើទឹកដីរបស់ Ajax វិញម្ដង៕ ​

 

រូបភាព៖ UEFA Champions League

ប្រភព៖ Goal.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់