មុនប៉ះ Ajax យប់នេះអ្នកចាត់ការទូទៅ Spur ថាក្រុមរបស់ខ្លួនកំពុងរស់នៅក្នុងក្ដីសុបិន្ត

មាស សុផាណារ៉ុង April 30, 2019


 

អង់គ្លេស៖ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លិប Tottenham Hotspur បាននិយាយថាក្រុម Spur កំពុង «រស់នៅក្នុងក្តីសុបិន្ត»

មាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវទទួលក្រុមកំពូលតារាងរបស់លីគហូឡង់ Ajax ដែលបានទម្លាក់ក្រុម Real Madrid និង Juventus ក្នុងការប្រកួតជើងទី១ នៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League យប់ថ្ងៃអង្គារ៍នេះ។

វាគឺជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ Spur បើទោះបីជាពួកគេបានឈានដល់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ដដែលនេះ កាលពីឆ្នាំ១៩៦២ ដែលបានចាញ់ Benfica។

លោក Pochettino បាននិយាយថា៖ «អ្នកត្រូវកំណត់ក្តីសុបិន្តរបស់អ្នក។ នៅពេលដែលអ្នកសម្រេចបាននូវរឿងរ៉ាវដោយសារតែអ្នកមានក្ដីសុបិន្តអំពីវា។ បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Tottenham គឺជាក្តីសុបិន្តតាំងពី ៥ឆ្នាំមុន យើងកំពុងរស់នៅក្នុងក្តីសុបិន្តហើយ»។ 

ចាំបានថា Spur រកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួត ៣ប្រកួតដំបូងរបស់ពួកគេ ប៉ុន្តែក្រោយមកឈ្នះ PSV Eindhoven និង Inter Milan និងស្មើជាមួយ Barcelona បាននាំពួកគេចូលក្នុងវគ្គជម្រុះ។ ពួកគេបានបន្តយកឈ្នះក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងវគ្គ ១៦ក្រុមចុងក្រោយ និង Manchester City ក្នុងវគ្គ៨ក្រុមចុងក្រោយ៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់