ជាខ្សែការពារតែ Van Djik យក​ឈ្នះ Sterling គ្រង​ពាន កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ Premier League

មាស សុផាណារ៉ុង April 25, 2019


 

អង់គ្លេស៖ កីឡាករ​សញ្ជាតិ​ហូឡង់​​ និងជាសមាជិករបស់ហង្សក្រហម Liverpool ខ្សែ​ការពារ​កណ្ដាល​ Virgil van Djik បានគ្រង​ពាន កីឡាករ​ឆ្នើម​​​ប្រចាំ​ឆ្នាំ​របស់ Premier League ហៅ​កាត់​ថា PFA រដូវ​កាល​២០១៨-១៩ ក្រោយផ្ដួលកីឡាករ Raheem Sterling របស់ Manchester City ដែលជាបេក្ខភាពត្រូវបានគេរំពឹងថាអាចឈ្នះពាននេះដូចគ្នា។

បញ្ជី​ឈ្មោះ​បេក្ខភាព​ ៦​នាក់​ចុងក្រោយ​​ដែលត្រូវបានប្រកាសត្រូវដាក់ឲ្យប្រជែង ពាន កីឡាករ​ឆ្នើម​​​ប្រចាំ​ឆ្នាំ​របស់ Premier League ហៅ​កាត់​ថា PFA រដូវ​កាល​២០១៨-១៩ ​រួម​មាន Virgil van Djik, Sterling, Sadio Mane, Eden Hazard, Sergio Aguero និង Bernardo Silva។

ជាការពិត ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី​២៦ ខែមេសា ស្អែកនេះទេ ប៉ុន្តែសារព័ត៌មាន Daily Mail បានបង្ហាញឱ្យដឹងនៅថ្ងៃពុធ ទី២៤ មេសា ថា  Van Dijk បានឈ្នះពានរង្វាន់នេះតាមរយៈការបង្ហាញប្រព័ន្ធការពារយ៉ាងល្អ ខណៈ Liverpool បិទមិនឲ្យគូប្រកួតរកគ្រាប់បាល់ទាត់បញ្ចូលទីខ្លួនបានដល់ទៅ១៨លើក។

សូមបញ្ជាក់ថា កាល​ពី​រដូវ​កាល​មុន មិត្តរួមក្រុមនៅ Liverpool គឺ Mohamed Salah ជា​អ្នក​ឈ្នះ​ពាន​នេះ។ ការឈ្នះរបស់ Van Dijk នឹងធ្វើឲ្យគេក្លាយជា​ខ្សែ​ការពារ​ដំបូង​​ឈ្នះ​ពាន​មួយ​​នេះ ចាប់​តាំង​ពី​ប្រធាន​ក្រុម Chelsea កីឡាករ John Terry ឈ្នះ​កាល​ពី​ឆ្នាំ​២០០៥៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់