Man City មិនបណ្ដោយខ្លួនឲ្យខកចិត្តប្រជែងពានក្រោយយកឈ្នះ Man Utd ដោយងាយស្រួល

មាស សុផាណារ៉ុង April 25, 2019


 

អង់គ្លស៖ ក្រុមមេឃខៀវ Manchester City បានបន្តឡើងមកកាន់កាប់តំណែងកំពូលតារាងវិញហើយ នៃក្របខណ្ឌ Premier League បន្ទាប់ពីយកឈ្នះគូប្រកួតប្រចាំទីក្រុង Manchester ក្រុមបិសាចក្រហម Manchester United យប់មិញ។

ការប្រកួតដែលធ្វើឡើងនៅ Old Trafford ក្រុមម្ចាស់ផ្ទះមានឱកាសតែម្ដងគត់ក្នុងទាត់ចំគោលដៅ និងមិនសម្រេចទីឡើយ ស្របពេលដែលក្រុមភ្ញៀវ Man City មានឱកាសទាត់ទី ៥ដង និងទីបំផុតបញ្ចប់ទីបាន ២គ្រាប់ ធ្វើបានដោយកីឡាករ Bernardo Silva និង Leroy Sane នៅវគ្គទី២ ទាំង២គ្រាប់។

ក្រោយឈ្នះភ្លាមៗ Man City បានរំកិលខ្លួនឡើងមកលេខ១ សារជាថ្មី ជាមួយនឹងការប្រកួតស្មើគ្នា ( ៣៥ ប្រកួត ) ដូចទៅនឹងគូប្រជែងតែមួយគត់ Liverpool ដែលនាំឲ្យការប្រជែងពានកាន់តែចង្អៀតសម្រាប់ក្រុមទាំង២ ដោយ Man City នាំមុខ Liverpool តែ១ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ ៣ប្រកួតទៀត។

ដោយឡែកនៅតំបន់ប្រជែងកៅអី UEFA Champions League វិញ ៤ក្រុមដែលកំពុងប្រជែងក៏កាន់តែស្វិតស្វាញដូចគ្នា ខណៈដែរយប់មិញ Arsenal បានភ្លាត់ឱកាសដ៏សំខាន់របស់ខ្លួន ក្រោយចាញ់ក្រុមដែលតែងតែមានលទ្ធភាពយកឈ្នះ ក្រុមខ្លាំងៗជាច្រើន Wolverhampton ដោយលទ្ធផល ៣ទល់១។

ម្ចាស់ផ្ទះ Wolverhampton បាននាំមុខក្រុមភ្ញៀវដល់ទៅ៣គ្រាប់មុននៅវគ្គទី១ ទាត់ចូលទីដោយកីឡាករ Ruben Neves, Matt Doherty និង Diogo Jota ខណៈកាំភ្លើងធំរកបានតែ១គ្រាប់មកវិញ ដោយកីឡាករ Sokratis។

បរាជ័យនេះធ្វើឲ្យ Arsenal ខកខានជាលើកទី២ ក្នុងការឡើងមកកាន់តំបន់ Top 4 ដោយសុវត្ថិភាពបន្ទាប់ពីចាញ់ ២ប្រកួតជាប់ៗគ្នា ហើត្រូវធ្លាក់មកលេខ៥ វិញតាមពីក្រោយ Chelsea ១ពិន្ទុ និងតាមពីក្រោយ Spur ៤ពិន្ទុផងដែរ៕

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់