ជម្រើសជាតិមីយ៉ាន់ម៉ា មានគ្រូបង្វឹកថ្មីជាផ្លូវការ ក្រោយតំណែងនេះស្ថិតក្នុងចន្លោះទំនេរជាង ៤ខែ

មាស សុផាណារ៉ុង April 24, 2019


 

មីយ៉ាន់ម៉ា៖ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា ( MFF ) បានប្រកាសពីការតែងតាំង លោក Miodrag Radulovic សញ្ជាតិម៉ុងតេណេហ្គ្រូ ជាគ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ជាផ្លូវការបន្ទាប់ពីតំណែងគ្រូបង្វឹកនៃក្រុមមួយនេះ ស្ថិតក្នុងចន្លោះទំនេរជាង៤ខែរួចមក។

នៅក្នុងពិធីប្រកាសជាផ្លូវការកាលពីរសៀលថ្ងៃទី២៣ ខែមេសា ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា នឹងតែងតាំង លោក Miodrag Radulovic ព្រមទាំងក្រុមគ្រូជំនួយរបស់លោក សម្រាប់កិច្ចសន្យារយៈពេល១ឆ្នាំកន្លះ ដោយនឹងបញ្ចប់តរហូតដល់ខែធ្នូ ឆ្នាំក្រោយ។

សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បានតែងតាំងលោក Miodrag Radulovic ឲ្យបំពេញតួនាទីដែលនៅទំនេរនេះ បន្ទាប់ការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Antoine Hey ដែលកាន់តំណែងគ្រូជម្រើសជាតិមីយ៉ាន់ម៉ា បានមិនដល់១ឆ្នាំ។ ខណៈកាលពីខែមីនា ដែលមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំ មីយ៉ាន់ម៉ា បានតែងតាំងគ្រូរបស់ក្លឹប Yangon United ឲ្យធ្វើជាគ្រូដឹកនាំបណ្ដោះអាសន្ន។

បញ្ជាក់ថា គ្រូបង្វឹកវ័យ៥១ឆ្នាំ សញ្ជាតិម៉ុងតេណេហ្គ្រូរូបនេះ ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិលីបង់ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹក ចាប់តាំងពីឆ្នាំ២០០១ និងបានដឹកនាំក្លឹបបាល់ទាត់ជាច្រើននៅក្នុងប្រទេសស៊ែប៊ី ព័រទុយហ្គាល់ និងរុស្ស៊ី។

សមិទ្ធផលរបស់លោក Miodrag Radulovic គឺធ្លាប់ដឹកនាំ ក្រុមជម្រើសជាតិស៊ែប៊ី-ម៉ុងតេណេហ្គ្រូ អាយុក្រោម២១ឆ្នាំ ចូលរួមការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងអាតែន ប្រទេសក្រិច ( 2004 Athens Olympic ) កាលពីឆ្នាំ២០០៤ ផងដែរ ត្បិតពេលនោះពុំទទួលបានលទ្ធផលល្អក៏ដោយ។ ដោយឡែកក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំវិញ លោកបានជួយឲ្យក្រុមជម្រើសជាតិលីបង់ ដើម្បីបង្កើនចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) ពី១៤៧ ឡើងទៅ៧៧ ផងដែរ៕

 

រូបភាព៖ Myanmar Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់