Real Madrid ប្រាកដខ្លួនអស់ឱកាសប្រជែងជើងឯក La Liga រដូវកាល ២០១៨-១៩

មាស សុផាណារ៉ុង April 24, 2019


 

អេស៉្បាញ៖ ក្រុមអធិរាជស Real Madrid ទីបំផុតបានអស់ឱកាសប្រជែងជើងឯកលីគកំពូលអេស៉្បាញ La Liga រដូវកាល ២០១៨-១៩ ជាផ្លូវការហើយ បន្ទាប់ពីយប់មិញគូប្រជែងធំជាងគេរបស់ខ្លួន Barcelona បាន​យក​ឈ្នះ​ Alaves ដោយ​លទ្ធផល​ ២​ទល់​នឹង​០ ក្នុងសប្ដាហ៍ទី៣៤ យប់មិញ។

Barcelona ដែល​បាន​ឈ្នះប្រកួត​សប្ដាហ៍​ទី​៣៤​ ​យប់​មិញ​នេះ នាំឲ្យ​បច្ចុប្បន្ន​ មាន​​៨០​ពិន្ទុ​នៅ​ក្នុង​ដៃ​ និងនាំ​មុខដាច់ Real Madrid ជាផ្លូវការបើទោះបីជា ៥ប្រកួតដែលនៅសេសសល់របស់ Madrid ឈ្នះទាំងអស់ Barcelona ចាញ់ទាំងអស់ក៏ដោយ ពីព្រោះបច្ចុប្បន្នគេទើបតែមាន ៦៤ពិន្ទុ ពោលគឺដាច់ ១៦ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៤ប្រកួតទៀតប៉ុណ្ណោះ និយាយជារួម។ Real Madrid ក៏នឹងត្រូវប្រកួតក្នុងសប្ដាហ៍ទី៣៤ យប់ស្អែកផងដែរ ដែលជាការប្រកួតបង្រ្គប់កិច្ចទល់នឹង Getafe។

និយាយពីក្រុមត្រូវប្រជែងជើងឯក Barcelona ដែល​បច្ចុប្បន្ន​មាន​​៨០​ពិន្ទុ​នៅ​ក្នុង​ដៃ​ កំពុងនាំ​មុខ​លេខ​២​ Atlectico Madrid ដែល​មាន​ត្រឹម​៦៨​ពិន្ទុ​ប៉ុណ្ណោះ ដែលនៅសល់ ១​ប្រកួតក្នុងដៃ ហើយ Barca អាចនឹង​លើក​ពាន​ La Liga តែ​ម្ដងនៅ​យប់​នេះ​បើ​សិន​ជា​ Atlectico ចាញ់​ Valencia។​

ខកខានមិនអាចលើកពាននេះ មិនជាបញ្ហាសម្រាប់ Real Madrid ក្នុងការបន្តឈរជាក្រុមជោគជ័យជាងគេនៅអេស៉្បាញឡើយ ព្រោះបើតាមកំណត់ត្រា Real Madrid ឈ្នះ La Liga ចំនួន៣៣ដង ខណៈគូប្រជែងធំបំផុត Barcelona ទើបតែឈ្នះបាន២៥ដងប៉ុណ្ណោះ៕

 

រូបភាព៖ LaLiga

អត្ថបទ៖ ណារ៉ុង

មតិយោបល់