Norwich ឡើងមក Premier League ជាថ្មីទោះស្មើ ៤ប្រកួតជាប់ៗគ្នានៅលីគទី២ អង់គ្លេស

មាស សុផាណារ៉ុង April 23, 2019


 

អង់គ្លេស៖ ក្រុម Norwich City ត្រូវបានឡើងមកលីគកំពូលអង់គ្លេស Premier League សារជាថ្មី បើទោះបីជាស្មើ ៤ប្រកួតជាប់ៗគ្នានៅលីគទី២ អង់គ្លេស League Championship កាលពីយប់មិញ។ ជាមួយនឹងលទ្ធផលស្មើ ចំពេលដែលគូប្រជែង Leed United ចាញ់ ធ្វើឲ្យ Norwich នាំមុខ៦ពិន្ទុលើក្រុមលេខ៣ ដែលជាទីតាំងត្រូវប្រកួតជម្រុះ ( Play-off ) ហើយនៅសល់២ប្រកួតទៀតប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ Norwich ដែលច្បា់សថានឹងបានឡើងក៏មិនទាន់ដឹងថាបានឡើងក្នុងមានជាក្រុមលេខ១ ឬក៏លេខ២ នៅឡើយ ត្បិតក្រុមលេខ២ Sheffield United តាមពីក្រោយ៣ពិន្ទុ ក្នុងករណីដែល ២ប្រកួតចុងក្រោយមានការប្រែប្រួល។

ដោយឡែកសម្រាប់ក្រុមដែលត្រូវប្រកួត ( Play-off ) ក៏មានភាពតាន់តឹងដូចគ្នា ដែលមានដូចជា Leed United, West Bromwich, Aston Villa, Derby County ក៏មានការតាមពីក្រោយពីក្រុមមួយចំនួនទៀតផងដែរ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា Middlesbrough, Bristol City, Sheffield Wednesday និង Swansea City ដែលអាចនឹងមានលទ្ធផលប្រែប្រួលនៅប្រកួតក្រោយ។

 

ប្រកួតទី៤៥ ត្រូវបានគេចាត់ទុកថា អាចជាការប្រកួតសម្រេចសេចក្ដី ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ មុននឹងការប្រកួតបិទរដូវកាលបញ្ចប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌលំដាប់ទី២ អង់គ្លេស ក្រុមដែលអាចឡើងមកលីគកំពូល ( Premier League ) គឺកំណត់យក៣ក្រុម ខណៈ ២ក្រុមដែលបានចំណាត់ថ្នាក់លេខ១ និងលេខ២ គឺត្រូវឡើងមកដោយមិនបាច់ប្រកួតជម្រុះ ខណៈក្រុមពីលេខ៣ ដល់លេខ៦ ត្រូវប្រកួតខ្វែង ( Play-off ) យកតែមួយក្រុមប៉ុណ្ណោះឡើងមកបង្រ្គប់ជាមួយក្រុមលេខ១ និងលេខ២ ខាងលើ៕

 

រូបភាព៖ Chloe Knott – Danehouse/Getty Images

អត្ថបទ៖ ណារ៉ុង

មតិយោបល់