Muangthong ជួបស្ថានភាពអាក្រក់បំផុតត្រូវធ្លាក់ទៅបាតតារាងជាលើកដំបូងក្នុងលីគកំពូលថៃ

មាស សុផាណារ៉ុង April 22, 2019


 

ថៃ៖ ក្រុមជើងឯកលីគកំពូលថៃ ៤សម័យកាល Muagthong United បាននឹងកំពុងជួបនូវស្ថានភាពអាក្រក់បំផុតពុំធ្លាប់ប្រទះ បន្ទាប់ធ្លាក់ទៅបាតតារាងនៃលីគកំពូលថៃជាលើកដំបូង ចាប់តាំងពីឡើងមកលីគកំពូលថៃតាំងពីឆ្នាំ ២០០៩ មក។

នាំឲ្យក្រុមធ្លាក់ទៅបាតតារាងនេះ គឺបន្ទាប់ពីជំនួបសប្ដាហ៍ទី៨ នៃលីគដ៏មានប្រជាប្រិយភាពជាងគេក្នុងតំបន់អាស៊ានមួយនេះ Muangthong United បានបន្តរងបរាជ័យក្រោមថ្វីជើង ក្រុមកំពុងឡើងជើង Port FC ដោយលទ្ធផល ១ទល់២ និងជាបរាជ័យលើកទី៦ ក៏ដូចជា ៤លើកជាប់ៗគ្នាសម្រាប់រដូវកាលនេះផងដែរ បើទោះបីជាទើបតែផ្លាស់ប្ដូរគ្រូបង្វឹកថ្មីក៏ដោយ ហើយចំពេលដែលគូប្រជែងនៅតំបន់បាតតារាង Suphanburi FC បានឈ្នះគូប្រកួតរបស់គេ និងរុញច្រានឲ្យ Muangthong ដែលរងបរាជ័យនេះធ្លាក់មកបាតតារាងជាផ្លូវការ គិតត្រឹមសប្ដាហ៍ទី៨។

លទ្ធផលបែបនេះត្រូវបានចាត់ទុកថាជាលទ្ធផលដ៏អាក្រក់បំផុតសម្រាប់ក្លឹប ចាប់តាំងពី Muangthong United ឡើងមកលីគកំពូលថៃ កាលពីឆ្នាំ២០០៩ ជាមួយនឹងការប្រកួតបើកឆាកប៉ុន្មានប្រកួតនៅដើមរដូវកាលគឺតែងតែទទួលបានចំណាត់ថ្នាក់នៅតំបន់កំពូលតារាងទាំង ៤ យ៉ាងហោច។

សូមបញ្ជាក់ថា បច្ចុប្បន្ន Muangthong United កំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោល និងឈរនៅលេខ១៦ បាតតារាង ដោយមាន៦ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន ៨ដងមកនេះ ឈ្នះ២ និងចាញ់៦។ ភារកិច្ចដំបូងរបស់ Muangthong ប៉ះក្រុមដែលនៅលើ២ពិន្ទុ PTT Rayong នៅក្នុងជំនួបសប្ដាហ៍ទី៩៕

 

រូបភាព៖ Thai League / Muangthong United FC.

អត្ថបទ៖ ណារ៉ុង

មតិយោបល់