វៀតណាម មិនសុខចិត្តនឹងការបែងចែកឲ្យនៅប្រអប់ទី៤ នៃការបែងចែកពូលកីឡា SEA Games

មាស សុផាណារ៉ុង April 19, 2019


 

វៀតណាម៖ បន្ទាប់ពីមានព័ត៌មានអំពី ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ត្រូវបានដាក់ចំណាត់ថ្នាក់ជាក្រុមដែលមានកម្រិតទាបបំផុតសម្រាប់ការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ប្រភេទកីឡាបាល់ទាត់ (បុរស) នៅហ្វីលីពីន ចុងឆ្នាំនេះ ពេលនេះត្រូវបានដឹងថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្ដែងការមិនពេញចិត្ត តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ( VOC ) ចំពោះការបែងចែកប្រអប់ដើម្បីចាប់ឆ្នោតបែងចែកពូលនេះ។

គណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣០ នឹងធ្វើការប្រកាសអំពីការរៀបចំជាថ្មី សម្រាប់ការបែងចែកប្រអប់ដើម្បីចាប់ឆ្នោតបែងចែកពូល លើប្រភេទកីឡាបាល់ទាត់ (បុរស) តបតាមការមិនពេញចិត្តរបស់វៀតណាម។

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) លោក Tran Quoc Tuan បានបញ្ជាក់ថា៖ «ភ្លាមៗបន្ទាប់ពីលទ្ធផលនៃការកំណត់នេះ ខ្ញុំបាននិយាយជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនដើម្បីបញ្ជាក់ពីសេចក្ដីលម្អិតជុំវិញបញ្ហានេះ។ ទស្សនៈរបស់យើងគឺចង់ឱ្យវាត្រឹមត្រូវ។ នេះអាចជាបញ្ហាបច្ចេកទេស ដូច្នេះប្រធានបទជាច្រើនត្រូវរៀបចំ ហើយប្រទេសដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះអាចមានការយល់ច្រឡំ។ អ្នករៀបចំការប្រកួត SEA Games ក៏ទទួលបានយោបល់នៃការមិនពេញចិត្តនេះ ហើយនឹងរាយការណ៍ទៅគណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ដើម្បីកែសម្រួលស្របទៅតាមគោលការណ៍។»

គោលការណ៍នៃការចែកប្រអប់សម្រាប់ធ្វើការចាប់ឆ្នោតបែងចែកពូល ដោយផ្អែកលើលទ្ធផលចុងក្រោយរបស់ក្រុមទាំងអស់ ក្នុងព្រឹត្តិការណ៍ចុងក្រោយ ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសម៉ាឡេស៊ី។ លោក Huu Thang គ្រូបង្វឹកក្រុម U-22 វៀតណាម បានជ្រុះចេញពីការប្រកួតត្រឹមវគ្គជម្រុះតាមពូលនៅម៉ាឡេស៊ី SEA Games លើកទី២៩ បន្ទាប់ពីប្រកួត ៥លើក ឈ្នះ៣ ស្មើ១ និងចាញ់១ ពេលនោះថៃ ជាមួយ ឥណ្ឌូនេស៊ី ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ជាមួយគ្នាផងដែរ U-22 សិង្ហបុរី ជ្រុះចេញពីការប្រកួតត្រឹមវគ្គជម្រុះក្នុងពូលដូចគ្នា ប៉ុន្តែត្រូវបានដាក់បែងចែកចូលប្រអប់ទី៣។ ទន្ទឹមនឹងនេះដែរក្រុមវៀតណាម ស្ថិតនៅក្នុងប្រអប់ទី៤ ដែលជាប្រអប់ចុងក្រោយ។ ប្រសិនបើនៅក្នុងប្រអប់ទី៤មែន វៀតណាម អាចនឹងត្រូវនៅក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី ឬក៏ ហ្វីលីពីន ដែលអាចប៉ះពាល់ដល់ការគោលដៅដណ្ដើមមេដាយមាស កីឡាស៊ីហ្គេមលើកទី៣០ នេះ។

នៅថ្ងៃទី២២ ខែមេសា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងមានកិច្ចប្រជុំប្រតិបត្តិមួយហើយតំណាងមួយរបស់វៀតណាម នឹងចោទជាសំណួរអំពីរបៀបនៃការបែងចែកប្រអប់នេះ សម្រាប់ការប្រកួតលើប្រភេទកីឡាបាល់ទាត់ ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 )។

សុមបញ្ចាក់ថា សម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦៕

 

ប្រភព៖ news.zing.vn

អត្ថបទ៖ ណារ៉ុង

មតិយោបល់