៣៥ឆ្នាំហើយ ទើបតែមានក្រុមអង់គ្លេស៤ក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប

មាស សុផាណារ៉ុង April 19, 2019


 

អ៊ឺរ៉ុប៖ ក្រុមមកពីអង់គ្លេស មាន៤ក្រុម នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ទាំង UEFA Champions League និង Europa League ជាលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ។

បន្ទាប់ពីសប្តាហ៍ដ៏ជោគជ័យរបស់ក្រុមមកពីអង់គ្លេស ក្រុមហង្សក្រហម Liverpool និងក្រុម Totteham បានកក់កៅអីរបស់ពួកគេរៀងៗខ្លួន នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈក្រុម Arsenal និង Chelsea បានដើរតាមពីក្រោយបន្ទាប់ពីបានបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងពាន Europa League ដែលធ្វើឱ្យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ទ្វីបអ៊ឺរ៉ុបទាំង២នេះ មានក្រុមមកពីអង់គ្លេស ដល់ទៅ៤ ស្ថិតនៅក្នុងការប្រកួតកម្រិតធំបែបនេះ។

វាត្រូវបានគេសង្គេតឃើញថា ក្រុមមកពីអង់គ្លេស ធ្លាប់ធ្វើបានលេចធ្លោបែបនេះ គឺកាលពី៣៥ឆ្នាំមុន។ ពេលដែលក្លឹបបាល់ទាត់អង់គ្លេសចំនួន៤ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ុប ក្នុងឆ្នាំ ១៩៨៣/៨៤ នៅពេលដែលមានការប្រកួតពានទ្វីបអ៊ឺរ៉ុប ចំនួន៣ នៅពេលនោះ។

ត្រលប់មកវិញនៅគ្រានោះ ហង្សក្រហម Liverpool បានឈ្នះជើងឯកពានរង្វាន់ទ្វីបអ៊ឺរ៉ុប UEFA Champions League ( កាលនោះឈ្មោះ European Cup ) បន្ទាប់ពីបានផ្តួលក្រុម Roma ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ។

នៅខណៈនោះផងដែរក្រុម Manchester United បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន European Cup Winners’ Cup ( បច្ចុប្បន្នពាននេះត្រូវបានលុបចោល ) ស្របពេលដែលក្រុម Nottingham Forest និង Tottenham បានបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Cup ( បច្ចុប្បន្ន Europa League )។

ដូចទៅនឹងក្រុម Liverpool ផងដែរក្រុម Spurs បានឈ្នះជើងឯកនៅឆ្នាំនោះ ដោយបានយកឈ្នះក្រុម Anderlecht របស់ប៊ែលហ្សិកនៅវគ្គផ្តាច់ព្រ័ត្រ។

ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបម្តងទៀត Spurs ត្រូវតែយកឈ្នះក្រុមដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ Ajax ដើម្បីកក់សំបុត្រទៅ Madrid។ ឯហង្សក្រហម Liverpool ប្រឈមមុខដ៏តានតឹងនៅពេលពួកគេឡើងទៅជួបជាមួយម្ចាស់ជើងឯក ៥សម័យកាល Barcelona។

សម្រាប់ក្របខ័ណ្ឌ Europa League និងដំណើរទៅកាន់ទីក្រុង Baku វិញ Arsenal នឹងត្រូវយកឈ្នះ Valencia ទាំងពីរជើង ខណៈ Chelsea នឹងត្រូវប្រកួតជាមួយនឹងក្រុម Eintracht Frankfurt របស់អាល្លឺម៉ង៕

 

ប្រភព៖ dailymail

រូបភាព៖ UEFA Champions League

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់