Ajax ធ្វើរឿងអស្ចារ្យជាលើកទី២ ក្នុង Champions League ស្របពេល Man Utd ធ្វើមិនបានសម្រេច

មាស សុផាណារ៉ុង April 17, 2019


 

អ៊ឺរ៉ុប៖ បន្ទាប់ពីបានទម្លាក់ម្ចាស់ជើងឯក UEFA Champions League ៣សម័យកាលជាប់ៗគ្នា ក្រុមអធិរាជស Real Madrid ពីពានរង្វាន់ UEFA Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ Ajax បានបន្តធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលបន្តទៀត ក្រោយវាយបកយកឈ្នះម្ដងទៀត លើកក្រុមសេះបង្គង់ Juventus ១ទល់២ កាលពីយប់មិញ។

ការប្រកួតរវាងម្ចាស់ផ្ទះ Juventus ជាមួយ Ajax ដែលបញ្ចប់ទៅ ១ទល់២ នោះក្រុមម្ចាស់ផ្ទះបាននាំមុខមុនដល់ដែលធ្វើបានសម្រេចដោយកីឡាករ Ronaldo នៅនាទី២៨ មុននឹង Donny van de Beek តាមស្មើនៅនាទី៣៤ ត្រឹមលទ្ធផលស្មើគ្នា ១ទល់១ នៅវគ្គទី១ ខណៈគ្រាប់ជ័យជម្នះធ្វើបានសម្រេចដោយកីឡាករ Matthis de Light នៅនាទី៦៧។ កាលជើងទី១ នៅទឹកដីហូឡង់ Juventus បានស្មើ Ajax ១-១ បូកជាមួយលទ្ធផលជើងទី២ នេះ Juventus រងបរាជ័យលទ្ធផលសរុប ២ទល់៣។

នេះគឺជាការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូងរបស់ Ajax គិតចាប់ពីឆ្នាំ១៩៩៧មក។

ដោយឡែកការប្រកួតមួយគូទៀត FC Barcelona បាន​បន្ត​យកឈ្នះ Manchester United ៣ទល់០ នៅជើងទី២ វគ្គដូចគ្នានេះ ដោយ Lionel Messi រកបាន២គ្រាប់ និង​ Philippe Coutinho ធ្វើបាន១គ្រាប់ ធ្វើឲ្យ​ក្រុមអ្នកមានបុណ្យឈ្នះសរុបទាំង២ជើង ៤ទល់នឹង០។

ដូចច្នេះ គិតត្រឹមពេលនេះ ក្រុម២ដែលឡើងទៅអង្គុយរងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ Ajax ជាមួយ FC Barcelona ស្របពេល២ក្រុមទៀតនៅរងចាំពីការឈ្នះរវាង FC Porto ជាមួយ Liverpool និង Man City ជាមួយ Spur នៅយប់នេះ៕

 

រូបភាព៖ UEFA Champions League

អត្ថបទ៖ ណារ៉ុង

មតិយោបល់