Son បង្កើតកំណត់ត្រា២ដង ជាមួយ Spur លើកីឡដ្ឋានថ្មីត្រឹមរយៈពេល១សប្ដាហ៍

មាស សុផាណារ៉ុង April 10, 2019


 

អង់គ្លេស៖ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ Son Heung-Min បាននឹងកំពុងសាងនូវកំណត់ត្រា២ដង ជាមួយក្រុមរបស់ខ្លួន Tottenham Hotspur លើកីឡដ្ឋានថ្មីត្រឹមរយៈពេល១សប្ដាហ៍ ពោលគឺតែងតែក្លាយជាកីឡាករដំបូងគេ ក្នុងការរកគ្រាប់បាល់នៅលើកីឡដ្ឋានដែលចំណាយជាង១​ពាន់​​លាន​ផោនមួយនេះ។

ក្រោយ​អូស​បន្លាយ​ពេល​ប្រើប្រាស់​កីឡដ្ឋាន​ថ្មី​ជា​ច្រើន​ខែ​​ កីឡដ្ឋានដែលមានឈ្មោះថា Tottenham Hotspur Stadium បានសម្ភោធដំបូងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយ Crystal Palace ក្នុងក្របខណ្ឌ Premier League អ្វីដែលគួរឲ្យចាប់អារម្មណ៍ កីឡាករមកពីទ្វីបអាស៊ី និងជាសមាជិកនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានកត់ត្រាចូលក្នុងទំព័រប្រវត្តិសាស្ត្ររបស់ក្លឹប នាមជាកីឡាករដំបូងគេដែលរកគ្រាប់បាល់ឲ្យ Spur នៅថ្ងៃដំបូងនៃការប្រើប្រាស់កីឡដ្ឋានជាផ្លូវការ។

មិនទាន់អស់ចិត្តនៅឡើយសម្រាប់ Son Heung-Min យប់មិញនេះ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ ជាមួយ Manchester City រូបគេបានបន្ថែមមួយគ្រាប់ទៀត និងត្រូវកត់ចូលជាកីឡាករដំបូងគេរកគ្រាប់បាល់ឲ្យក្រុមមាន់ខ្នាយមាស ក្នុងពាន Champions League លើកកីឡដ្ឋាន Tottenham Hotspur Stadium ដដែល។

ដែលសរុបមកបានសេចក្ដីថា Son Heung-Min កំពុងកាន់កំណត់ត្រា២ ជាមួយកីឡាដ្ឋានថ្មីរបស់ Spur ពោលគឺជាកីឡាករដំបូងគេរកគ្រាប់បាល់មុនគេ ក្នុងពានរង្វាន់២ផ្សេងគ្នា Premier League និង UEFA Champions League។

គួររំលឹកផងដែរថា កីឡដ្ឋានដែលមានតម្លៃ ១ពាន់លានផោន ( ប្រមាណ ១,៣ពាន់លានដុល្លាអាមេរិក ) អាចផ្ទុកទស្សនិកជនប្រមាណ ៦២,០០០ នាក់ បានចំណាយទុនសាងសងប្រមាណ ៣០០លានផោន ( ប្រមាណក្បែរ ៣៨៣លានដុល្លាអាមេរិក ) សម្រាប់ទំហំគម្រោងដំបូង តែចុងបញ្ចប់ត្រូវលើសខ្ទង់គណនាកើនរហូតដល់ ៨៥០លានផោន ( ប្រមាណក្បែរ ១ពាន់លានដុល្លាអាមេរិក ) និងចុងក្រោយបំផុត ១ពាន់លានផោន ( ប្រមាណ ១,៣ពាន់លាន ដុល្លាអាមេរិក )៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់