ឈ្នះ Man City មែនពិតតែអ្នកចាត់ការ Spur ថា Man City នៅតែជាក្រុមសង្ឃឹមឡើង

មាស សុផាណារ៉ុង April 10, 2019


 

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបន្តកំណត់ត្រាយ៉ាងល្អ នៅលើកីឡដ្ឋានថ្មីរបស់ខ្លួនបន្ទាប់ពីយកឈ្នះ Manchester City នៅ Champions League វគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ១ទល់នឹង០ ជើងទី១ កាលពីយប់មិញ។

នាមជាក្រុមដែលរំពឹងថាមានប្រៀប Man City ស្ទើរតែមានឱកាសនាំមុខមុនទៅហើយនៅនាទី១៣ ប៉ុន្តែខ្សែប្រយុទ្ធចម្បង Sergio Aguero បានទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល រហូតដល់នាទី៧៨ Heung-Min Son បានទាត់បាល់បញ្ជូលបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះជួយ Spurs មានគុណសម្បត្តិសម្រាប់តតាំងជាមួយ ​City នៅជើងទី២។

យ៉ាងណាមិញទោះបីជាឈ្នះ Man City មែនពិតតែអ្នកចាត់ការ Spur លោក Mauricio Pochettino ថា Man City នៅតែជាក្រុមសង្ឃឹមឡើង លោកបាននិយាយថា៖ «ខ្ញុំរីករាយជាមួយលទ្ធផល និងរីករាយអំពីរបៀបនៃការប្រើប្រាស់វិធីសាស្ត្រនៅក្នុងការប្រកួត នៅសល់ការងារច្រើនទៀតដែលត្រូវធ្វើ។ សម្រាប់ខ្ញុំ Manchester City ជាក្រុមសង្ឃឹមឈ្នះពាន Champions League។ ជើងទី២ នឹងពិបាក។ ក្នុងពេលមួយសប្ដាហ៍ ការប្រកួតនឹងខុសគ្នាទាំងស្រុង។ តែជ័យជម្នះក្នុងជើងទី១ ផ្ដល់ទំនុកចិត្តដល់ពួកយើង ហើយពិតណាស់ពួកយើងនឹងព្យាយាមបន្តទៀតក្នុងជើងទី២។»

Spur អាចនឹងមានក្ដីព្រួយបារម្ភបន្ទាប់ពីខ្សែ​ប្រយុទ្ធ Harry Kane ប្រហែល​​ជា​អាច​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​ដោយ​សារ​តែ​របួស​កជើង។ ដែលនឹងប៉ះពាល់សម្រាប់ការប្រកួតនៅជើងទី២។

សូមបញ្ជាក់ថា ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា សប្ដាហ៍ក្រោយ នៅលើទឹកដី Etihad Stadium៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់