គ្រូថ្មីរបស់ Muangthong រំពឹងនាំក្រុមឡើងមកកំពូលតារាងវិញ ក្រោយទទួលតំណែងជាផ្លូវការ

មាស សុផាណារ៉ុង April 9, 2019


 

ថៃ៖ ក្លឹបយក្សមួយក្នុងចំណោមក្លឹបយក្សនៅលីគកំពូលថៃ Muangthong United ដែលរដូវកាល២០១៩នេះ កំពុងជួបនូវបញ្ហាធ្លាក់ទម្រង់លេងស្ទើរមិនគួរឲ្យជឿនោះទីបំផុតបានធ្វើការប្រកាសតែងតាំងគ្រូបង្វឹកថ្មីជាផ្លូវការហើយ គឺជាគ្រូសញ្ជាតិកូរ៉ខាងត្បូង ពោលគឺបន្ទាប់ពីលេចលឺដំណេងនៃការត្រៀមប្រកាសតែងតាំងគ្រូថ្មីកាលពីម្សិលមិញ។

អតីតកីឡាករនៃក្រុមជម្រើសជាតិកូរ៉ខាងត្បូង កាលពីអំឡុងឆ្នាំ ១៩៩៤-២០០២ លោក Yoon Jong-Hwan គឺចូលជំនួសតំណែង លោក Pairoj Borwonwatanadilok ដែលបានសម្រេចលាលែងកាលពីពេលថ្មីៗនេះដោយសារបរាជ័យក្នុងការដឹកនាំក្រុមនេះ។

ភ្លាមៗក្រោយការប្រកាសជាផ្លូវការ លោក Yoon Jong-Hwan បានសន្យាថានឹងនាំក្រុមនេះឡើងមកកំពូលតារាងវិញ ដូចនឹងអ្វីដែលគេធ្លាប់ធ្វើពីមុនមក។ គ្រូបង្វឹកវ័យ៤៦ឆ្នាំរូបនេះ បានបង្ហើបនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរជុំវិញការទទួលដឹកនាំក្រុម ជើងឯកលីគកំពូលថៃ ៤សម័យកាលមួយនេះ ដោយលោកសុខចិត្តបោះបង់ឱកាសទៅបន្តការសិក្សាវគ្គគ្រូបង្វឹកនៅអ៊ឺរ៉ុប បន្ទាប់ពីបានឃើញសំណើរបស់ Muangthong United រួចមក។

គួរដឹងដែរថា លោក Yoon Jong-Hwan ត្រូវបានចាត់ទុកថាជាបុរសជោគជ័យម្នាក់ផងដែរនៅក្នុងបាល់ទាត់អាស៊ី ដោយគ្រូបង្វឹករូបនេះធ្លាប់ជួយឲ្យ ក្រុម Cerezo Osaka របស់ជប៉ុន ឈ្នះលីគកំពូលជប៉ុន កាលពីឆ្នាំ២០១៧ និងធ្វើឲ្យខ្លួនឯងផ្ទាល់ក្លាយជាគ្រូបង្វឹកដែលល្អជាងគេប្រចាំឆ្នាំ នៅលីគដដែលនេះដូចគ្នា។

និយាយអំពី Muangthong United វិញបច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលឈរនៅលេខ១៥ លើក្រុមបាតតារាង Suphanburi FC ដែលមានពិន្ទុស្មើគ្នា៦ពិន្ទុ ពីការប្រកួតចំនួន ៧ដង ឈ្នះ២ និងចាញ់៥។ ខណៈភារកិច្ចដំបូងរបស់លោក គឺត្រូវដឹកនាំ Muangthong ប៉ះក្រុមដែលកំពុងឈរកំពូលតារាង Port FC នៅក្នុងជំនួបសប្ដាហ៍ទី៨ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិថៃ ផងដែរ៕

 

រូបភាព៖ Muangthong United FC.

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់