កូនប្រុស Ronaldinho លាក់ប្រវត្តិឪពុករបស់ខ្លួនពេលធ្វើតេស្តជាមួយក្លឹបនៅប្រេស៊ីល រហូតដល់ជាប់ទើបប្រាប់

មាស សុផាណារ៉ុង April 9, 2019


 

ប្រេស៊ីល៖ នាមជាកូនប្រុសនៃវីរៈបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Ronaldinho ត្រូវបានគេរំពឹងទុកថានឹងអាចដើរតាមគន្លងឪពុក បន្ទាប់ពីបានសម្រេចគោលដៅទី១ ទទួលបានការចុះកុងត្រាលក្ខណៈអាជីពជាមួយក្លឹបនៃលីគកំពូលប្រេស៊ីល ក្រោយធ្វើតេស្តសមត្ថភាពជោគជ័យ។

ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នៅពេលធ្វើតេស្ត ខ្សែប្រយុទ្ធវ័យ១៤ឆ្នាំ ដែលមានឈ្មោះថា Joao Mendes មិនបានបញ្ជាក់ថាឪពុករបស់ខ្លួនជានរណានោះទេ រហូតដល់ទទួលបានជោគជ័យ និងជាប់ការធ្វើតេស្ត បានចុះហត្ថលេខាចូលរួមជាមួយនឹងក្លឹបនៃលីគកំពូលប្រេស៊ីល Cruzeiro Esporte Clube ទើបបានដឹង។

ក្លឹបបានបញ្ជាក់ថា៖ «បើទោះបីជាគាត់គឺជាកូនប្រុសរបស់ Ronaldinho ក៏ដោយ ក៏ Mendes បានធ្វើតេស្តនៅក្នុងក្លឹបដោយគ្មានការដឹងពីក្រុមគ្រួសារ។ ដោយមានទេពកោសល្យផ្ទាល់ខ្លួន កីឡាករវ័យក្មេងរូបនេះត្រូវបានក្លឹបយល់ព្រម ហើយនៅពេលដែលក្លាយជាសមាជិករបស់ក្លឹបទៅហើយនោះ ទើបត្រូវបានដឹងថាគេគឺជាកូនប្រុសកំពូលកីឡាករបាល់ទាត់ Ronaldinho។»

មានការបង្ហើបឲ្យដឹងផងដែរថា Mendes បានចុះកិច្ចសន្យាជាមួយក្លឹប Cruzeiro Esporte Clube រហូតដល់មុនថ្ងៃកំណើតអាយុ២០ឆ្នាំរបស់គេ ពោលគឺនៅឆ្នាំ២០២៥៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់