ទាត់ចូល២គ្រាប់យប់មិញលោក Sarri ថាតម្លៃខ្លួន ១០០លានផោនដែល Real ចង់បាន Hazard ថោកណាស់

មាស សុផាណារ៉ុង April 9, 2019


 

អង់គ្លេស៖ ខ្សែ​បម្រើ​ឆ្នើម​ Eden Hazard កាលពីយប់មិញបានជួយឲ្យតោ​ខៀវ​ Chelsea ឡើង​ទៅ​ឈរ​លេខ​៣​ក្នុង​តារាង​ Premier League ក្រោយ​យក​ឈ្នះ​ West Ham ២​ទល់​នឹង​០ ក្នុងជំនួបសប្ដាហ៍ទី៣៣។

បន្ទាប់ពីបង្ហាញភាពល្អរបស់ខ្លួន អ្នកចាត់ការទូទៅនៃក្រុម Chelsea លោក Maurizio Sarri បានបញ្ជាក់ថា តម្លៃ​ខ្លួន​១០០​លាន​ផោន​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ដែលមានការលេចលឺពីការដាក់សំណើរចង់បានដោយ Real Madrid ពិត​ជា​ថោក​ខ្លាំង​ណាស់។

លោក Sarri បានរៀបរាប់យ៉ាងដូច្នេះថា៖ «Eden លេងបានយ៉ាងអស្ចារ្យ នៅពេលដែលគាត់អាចលេងដូចនេះយើងមានសំណាង ពីព្រោះវាងាយស្រួលឈ្នះ។ ១០០លានផោនគឺមានតម្លៃថោកពេកហើយនៅក្នុងទីផ្សារបច្ចុប្បន្ន។ យើងបានដឹងពីហាងឆេង ក្លិបយល់ស្របជាមួយខ្ញុំ ដោយចង់រក្សាទុក Hazard។»

យ៉ាងណាក៏ដោយ មិនជាការឃាត់ឃាំង លោក Maurizio Sarri បានបញ្ជាក់ទៀតថា ក្លឹបនឹងគោរពតាមការសម្រេចចិត្តរបស់ Hazard បើសិនជាគេពិតជាចង់ចាកចេញពិតមែន។

Eden Hazard បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០១២ ខណៈរយៈពេលជាង៨ឆ្នាំមកនេះ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ីករូបនេះ បង្ហាញខ្លួនបាន២៤០ប្រកួត និងទាត់បាល់បញ្ជូលទីបាន៨៥គ្រាប់ផងដែរ។

គួរដឹងដែរថា កាលពីពេលថ្មីៗនេះតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អេស្ប៉ាញ Marca បានបញ្ជាក់ថាខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Eden Hazard គ្រោង​នឹង​ចុះ​កុងត្រា​ជាមួយ Real Madrid ហើយ​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​នឹង​មក​លេង​ក្នុង​ពេល​ឆាប់ៗ ជាមួយនឹង​​កុងត្រា​រយៈពេល​៦​ឆ្នាំ៕

 

រូបភាព៖ Premier League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់