ចាញ់ខ្លាំងពេក Muangthong ត្រៀមតែងតាំងគ្រូថ្មីជាជនជាតិកូរ៉េខាងត្បូង

មាស សុផាណារ៉ុង April 8, 2019


 

ថៃ៖ Muangthong United ដែលរងគ្រោះជាប់ៗគ្នានា ៣ប្រកួតចុងក្រោយនេះ នៅលីគកំពូលថៃ ត្រូវបានដឹងថាត្រៀមតែងតាំងគ្រូថ្មីជាជនជាតិកូរ៉េខាងត្បូង ដើម្បីស្ដារស្ថានភាពក្រុមឡើងវិញ។

សេចក្ដីរាយការណ៍ពីសារព័ត៌មានថៃ ក្លឹបជើងឯកលីគកំពូលថៃ ៤សម័យកាលមួយនេះ បានត្រៀមផ្ដល់ជូននូវដំណឹងរីករាយដល់អ្នកគាំទ្រវិញ បន្ទាប់ធ្វើបាននូវលទ្ធផលមិនល្អទាល់តែសោះនាប៉ុន្មានប្រកួតចុងក្រោយ តាមរយៈការប្រកាសតែងតាំងគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករនៃក្រុមជម្រើសជាតិកូរ៉ខាងត្បូង Yoon Jong-Hwan កាលពីអំឡុងឆ្នាំ ១៩៩៤-២០០២ ជំនួស លោក Pairoj Borwonwatanadilok ដែលបានសម្រេចលាលែងពីតំណែង។

កាលពីយប់ម្សិលមិញផងដែរ លោក Yoon Jong-Hwan ក៏បានចូលរួមទស្សនាការប្រកួតរបស់ Muangthong United ដូចគ្នា ក្នុងជំនួបសប្ដាហ៍ទី៧ នៃលីគកំពូលថៃ ដែលរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Nakhon Ratchasima លទ្ធផល ៣ទល់១ ​និងជាបរាជ័យលើកទី៥។

បរាជ័យលើកតី៥នេះ បានធ្វើឲ្យ Muangthong បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលឈរនៅលេខ១៥ លើក្រុមបាតតារាង Suphanburi FC តែមានពិន្ទុស្មើគ្នា៦ពិន្ទុ ដោយប្រកួត៧ដង ឈ្នះ២ និងចាញ់៥។

ភារកិច្ចបន្ទាប់របស់ Muangthong គឹត្រូវប៉ះក្រុមដែលកំពុងឈរកំពូលតារាង Port FC នៅក្នុងជំនួបសប្ដាហ៍ទី៨ ចុងសប្ដាហ៍នេះផងដែរ៕

តារាងចំណាត់ថ្នាក់លីគកំពូលថៃ គិតត្រឹមសប្ដាហ៍ទី៧៖

 

រូបភាព៖ Nakhonratchasima FC / Thai League / Siamsports

អត្ថបទ៖ ណារ៉ុង

មតិយោបល់