រកគ្រាប់បាល់បាន១គ្រាប់យប់មិញ Salah បំបែក​កំណត់ត្រា​​ថ្មីជាមួយ​ Liverpool

មាស សុផាណារ៉ុង April 6, 2019


 

អង់គ្លេស៖ Mohamed Salah បាន​រក​គ្រាប់បាល់បាន១គ្រាប់ កាលពីយប់មិញជួយឲ្យ Liverpool វាយ​បក​យក​ឈ្នះ Southampton លទ្ធផល ៣-១ ដើម្បីឡើង​ទៅ​ឈរ​កំពូល​តារាង Premier League វិញក្នុងជំនួបសប្ដាហ៍ទី៣៣ ខណៈ១គ្រាប់របស់ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប​ បានធ្វើឲ្យរូបគេបំបែក​កំណត់ត្រា​​ថ្មីជាមួយ​ Liverpool។

១គ្រាប់​យប់​​មិញ​នេះ របស់ Salah គឺ​ជា​គ្រាប់​បាល់​ទី​៥០ ​ជាមួយក្រុមហង្សក្រហម Liverpool នៅ Premier League ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ដែល​អាច​រក​បាន​ ៥០​គ្រាប់ ​លឿន​ជាង​គេ​បំផុត​នៅ Anfield បំបែក​កំណត់ត្រា​ចាស់របស់ Fernando Torres។

Salah ប្រើរយៈពេល ៦៩ប្រកួត ដើម្បីរកគ្រាប់បាល់ទី៥០ ជាមួយ Liverpool ខណៈ Torres ចំណាយរហូតដល់ ៧២ប្រកួតទើបសម្រេចគ្រាប់ទី៥០ នៅក្របខណ្ឌដដែលនេះ។

រំលឹកដល់ការប្រកួតកាលពីយប់មិញ រវាងម្ចាស់ផ្ទះ Southampton ជាមួយ Liverpool កីឡាករ Shane Lone ជា​​អ្នក​រក​គ្រាប់​ដំបូង​ឲ្យម្ចាស់ផ្ទះ មុន​ពេលដែល Naby Keita តាម​ស្មើ​វិញ​ឲ្យ Liverpool។ យ៉ាងណាមិញ នៅសល់​១០​នាទីមុន​បញ្ចប់​ការ​ប្រកួត Salah បាន​បំប៉ោង​សំណាញ់​​មួយ​គ្រាប់ និងចុងក្រោយ Jordan Henderson ជា​រកគ្រាប់បាល់ធានាជ័យជម្នះដ៏កក់ក្ដៅ។

ជ័យជម្នះ​នេះ​បាន​​ជួយ​ឲ្យ​ហង្សក្រហម​បន្ត​ក្ដី​សង្ឃឹម​ប្រជែង​ពាន​ជាមួយ Manchester City ជា​បន្ត​ទៀត ត្បិតពេលនេះបានឡើងមកឈរកំពូតារាងសារជាថ្មី ២ថ្ងៃក្រោយ Man City ឈរតំណែងនេះ ប៉ុន្តែ Man City នៅសល់១ប្រកួតក្នុងដៃ៕

 

រូបភាព៖ Premier League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់