គ្រូបង្វឹកពីប្រទេសចំនួន៤ នៅទ្វីបអ៊ឺរ៉ុប បដិសេធមិនដឹកនាំជម្រើសជាតិថៃ ក្រោយចរចាមិនជោគជ័យ

មាស សុផាណារ៉ុង April 4, 2019


 

ថៃ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហើបកាលពីពេលថ្មីៗនេះថា គ្រូបង្វឹកពីប្រទេសចំនួន៤ នៅទ្វីបអ៊ឺរ៉ុប បានបដិសេធមិនព្រមដឹកនាំ ក្រុមជម្រើសជាតិថៃបន្ទាប់ពីចរចាមិនត្រូវគ្នា។

សហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) បានបង្ហាញថាពួកគេបានទាក់ទងរកគ្រូបង្វឹកដើម្បីដឹកនាំជម្រើសជាតិថៃ ដែលមានដូចជា ប្រទេសអាល្លឺម៉ង់, ហូឡង់, ក្រូអាត និងអង់គ្លេស តែទោះជាយ៉ាងណាក៏ដោយការបញ្ជាក់ចុងក្រោយដោយប្រធានសហព័ន្ធ លោក Somyot Poompanmoung បានបង្ហាញថាដំណើរការចរចាជាមួយគ្រូបង្វឹកនៅអឺរ៉ុបបានបរាជ័យ។ «ថ្មីៗនេះយើងបានទាក់ទងបេក្ខជនជាច្រើននាក់។ ប៉ុន្តែពួកគេទាំងអស់មិនព្រមដឹកនាំជម្រើសជាតិថៃនោះទេ»។ សម្ដីរបស់ លោក Somyot Poompanmoung។

លោក Somyot បានបន្តថាពេលនេះ ( FAT ) កំពុងស្វែងរកការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ដើម្បីផ្ដល់គ្រូបង្វឹកជនជាតិជប៉ុន សម្រាប់ដឹកនាំក្រុមជម្រើសជាតិថៃ។ ប្រភពក៏បាននិយាយទៀតផងដែរថា​ ថៃមិនចាប់អារម្មណ៍ក្នុងការនាំយកគ្រូបង្វឹកវ័យក្មេង ឬគ្រូបង្វឹកពីក្លឹបនៅលីគកំពូលថៃនោះទេ។

ក្រុមជម្រើសជាតិថៃ បច្ចុប្បន្ននៅតែត្រូវបានដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន លោក Sirisak Yodyardthai។ លោកបានទទួលតំណែងនេះ បន្ទាប់ពីលោក Milovan Rajevac ត្រូវបានបណ្តេញចេញនៅក្នុងការប្រកួតជើងឯកទ្វីបអាស៊ី ( AFC Asian Cup 2019 )។

ទោះជាយ៉ាងណាក៏ដោយទិសដៅរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) នៅតែស្វែងរកគ្រូបង្វឹកបរទេសសម្រាប់ក្រុមជម្រើសថៃ។ ប្រសិនបើផែនការនេះទៅប្រទេសជប៉ុន ទទួលជោគជ័យ នោះថៃនឹងមានគ្រូបង្វឹកសញ្ជាតិបរទេសទី១៤ ហើយក៏ជាគ្រូបង្វឹកជប៉ុន ដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិផងដែរ។

ឆ្នាំ២០១៩នេះ ថៃ ត្រូវមានភារកិច្ចប្រកួតក្នុងពានមិត្តភាពកម្ដៅសាច់ដុំ King’s Cup 2019 លើទឹកដីរបស់ខ្លួននៅខែមិថុនា ខាងមុខនេះ មុននឹងភារកិច្ចដ៏សំខាន់នៅចុងឆ្នាំនេះ គឺការប្រកួតជម្រុះបាល់ទាត់ពិភពលោក ​( FIFA World Cup 2022 ) ផងដែរ៕

 

ប្រភព៖ siamsport

រូបភាព៖ ช้างศึก – Changsuek

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់