Messi របស់ឡាវ រួមចំណែកធ្វើឲ្យ Muanthong ស្គាល់រសជាតិ ៦ប្រកួត រកបានតែ៦ពិន្ទុ

មាស សុផាណារ៉ុង April 4, 2019


 

ថៃ៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិឡាវ កីឡាករ Soukaphone Vongchiengkham ដែលគេនិយមហៅ Messi ឡាវ បានរួមចំណែកជួយឲ្យក្លឹបដែលខ្លួនកំពុងប្រកបអាជីពជាមួយនៅលីគកំពូលថៃ Chainat Hornbill យកឈ្នះ Muangthong United ដោយលទ្ធផល ៣ទល់០ កាលពីម្សិលមិញក្នុងជំនួបសប្ដាហ៍ទី៦។

ក្នុងនាមជាកីឡាករប្ដូរចូល Soukaphone Vongchiengkham បានរកគ្រាប់បាល់ទី៣ ឲ្យក្រុមដែលមានមូលដ្ឋានភាគកណ្ដាលប្រទេសថៃមួយនេះ នៅនាទី៧១ និងជាគ្រាប់ជ័យជម្នះលើការយកឈ្នះក្រុមជើងឯកលីគកំពូលថៃ ៤សម័យកាល Muangthong United ដោយលទ្ធផល ៣ទល់០។

ជាការចាប់អារម្មណ៍ ការរកគ្រាប់បាល់បាន ១គ្រាប់ដោយកីឡាករ Messi ឡាវរូបនេះ គឺជាគ្រាប់ដំបូងរបស់គេជាមួយក្លឹប Chainat និងជាគ្រាប់ដំបូងនៅក្នុងលីគកំពូលថៃផងដែរ ចាប់តាំងពីចូលរួមជាមួយក្លឹបនៅរដូវកាល ២០១៩នេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ Soukaphone Vongchiengkham ត្រូវបានគេចាត់ទុកថារួមចំណែកធ្វើឲ្យ Muanthong United ស្គាល់រសជាតិ ៦ប្រកួត រកបានតែ៦ពិន្ទុ និងជាពិសេសធ្វើឲ្យ Muangthong បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលឈរនៅលេខ១៥ លើក្រុមបាតតារាង Trat FC តែ១ពិន្ទុប៉ុណ្ណោះ។

Muangthong United កាន់តែដុនដាប់នៅប៉ុន្មានប្រកួតចុងក្រោយ បន្ទាប់ពីរងបរាជ័យជាប់ៗគ្នា ពោលគឺ៦ប្រកួត ឈ្នះ២ និងចាញ់៤ ហើយថែមទាំងមានវិបត្តិខ្វះខាតគ្រូបង្វឹកចំពេលដែលគ្រូបង្វឹកចាស់ លោក Pairoj Borwonwatanadilok បានសម្រេចលាលែងពីតំណែង កាលពីចុងសប្ដាហ៍កន្លងទៅ។

តារាងចំណាត់ថ្នាក់លីគកំពូលថៃ គិតត្រឹមសប្ដាហ៍ទី៦៖

សូមបញ្ជាក់ថា គ្រប់ការប្រកួតដែល Muangthong United រងបរាជ័យគឺពុំមានលទ្ធភាពរកគ្រាប់បាល់សងទៅលើគូប្រកួតសូម្បីតែ ១គ្រាប់ឡើយ លទ្ធផដែលចាញ់មានដូចជា៖

  • សប្ដាហ៍ទី១ ចាញ់ Prachuap ០ទល់១
  • សប្ដាហ៍ទី២ ចាញ់ Bangkok United ១ទល់០
  • សប្ដាហ៍ទី៥ ចាញ់ Ratchaburi Mitr Phol ២ទល់០
  • សប្ដាហ៍ទី៦ ចាញ់ Chainat Hornbill ៣ទល់០

២ប្រកួតរបស់ Muagthong United ដែលឈ្នះ គឺឈ្នះក្រុម Chiangmai ២ទល់០ និង Chiangrai United ២ទល់៣ ខណៈភារកិច្ចបន្ទាប់របស់ Muangthong គឹត្រូវប៉ះក្រុមដែលកំពុងមានទម្រង់លេងល្អ ម្ចាស់ផ្ទះ Nakhon Ratchasima នៅក្នុងជំនួបសប្ដាហ៍ទី៧ ចុងសប្ដាហ៍នេះផងដែរ៕

 

រូបភាព៖ Muangthong United FC. / Chainat Hornbill FC / Thai League

អត្ថបទ៖ ណារ៉ុង

មតិយោបល់