Real ចាញ់ជាលើកទី៩ក្នុង La Liga ខណៈបើក្រឡេកមើលពិន្ទុតាមពីក្រោយ Barcelona ១៣ពិន្ទុ

មាស សុផាណារ៉ុង April 4, 2019


 

អេស៉្បាញ៖ ក្រុមអធិរាជស Real Madrid កាលពីយប់មិញបានរងបរាជ័យជាលើកទី៩ ក្នុងក្របខណ្ឌ La Liga រដូវកាល ២០១៨-១៩ និងជាលើកទី១ផងដែរ ក្រោមការវិលត្រឡប់មកដឹកនាំវិញពីសំណាក់អ្នកចាត់ការ Zinedine Zidane តាមរយៈការចាញ់ម្ចាស់ផ្ទះ Valencia ២ទល់នឹង១ នៅថ្ងៃពុធ ទី០៣ ខែមេសា។

កីឡាករ Goncalo Guedes ជាអ្នករក​បាន​គ្រាប់​ទី​១ ​ឲ្យ Valencia និងអូសបន្លាយដល់នាទី​៨៣​ ទើប​​គ្រាប់​បាល់ទី២ ​កើត​ឡើង​ធ្វើ​បានដោយ​កីឡាករ Ezequiel Garay របស់ Valencia ដដែល។ យ៉ាងណាមិញ​​នៅ​ម៉ោង​បន្ថែម​ ៩០​នាទី​​ ខ្សែ​ប្រយុទ្ធ Karim Benzema អាច​រ​ក​បាន​១​គ្រាប់​សង​វិញ ប៉ុន្តែអ្វីៗយឺតពេលទៅហើយ ហើយលទ្ធផលបញ្ចប់​ការ​ប្រកួត Valencia ឈ្នះ Real Madrid ២-១។

សម្រាប់បរាជ័យជាលើកទី៩នេះ​ ធ្វើ​ឲ្យ​ក្រុម​លោក Zidane បន្ត​នៅ​លេខ​៣ដដែល និងដាច់​ ១០​ពិន្ទុ​ពី​ក្រុម​លេខ​៤ Getafe និង​គម្លាត​​៥ពិន្ទុ ពីក្រុមលេខ២ At.Madrdi និងជាពិសេសត្រូវ Barcelona នាំមុខដល់ទៅ១៣​ពិន្ទុ​ ខណៈការប្រកួតនៅសល់ ៨ប្រកួតទៀត៕

 

រូបភាព៖ LaLiga

អត្ថបទ៖ ណារ៉ុង

មតិយោបល់