Spur នឹងបើកសម្ភោធកីឡដ្ឋានថ្មីរបស់ខ្លួននៅយប់នេះ ពេលប៉ះ Crystal Palace

មាស សុផាណារ៉ុង April 3, 2019


 

អង់គ្លេស៖ Tottenham Hotspur ទីបំផុតកំពុងត្រៀមខ្លួនដើម្បីផ្លាស់ទៅកីឡដ្ឋានថ្មីរបស់ខ្លួនជាផ្លូវការ ដែលបានចំណាយពេលសាងសងប្រមាណជិត២ឆ្នាំ។

កីឡដ្ឋានដែលមានតម្លៃ ១ពាន់លានផោន ( ប្រមាណ ១,៣ពាន់លានដុល្លាអាមេរិក ) អាចផ្ទុកទស្សនិកជនប្រមាណ ៦២,០០០ នាក់ នេះនឹងបើកនៅក្នុងជំនួបជាមួយ Crystal Palace យប់នេះ។

ត្រៀមបើកកីឡដ្ឋានថ្មីភ្លាម ប្រធានក្លឹបមាន់ខ្នាយមាស លោក Daniel Levy សម្ដែងការជឿជាក់ថា Tottenham នឹងក្លាយជាក្លឹបធំបំផុតនៅលើពិភពលោក។ «ការឈ្នះទាំងនៅលើទីលាន និងនៅខាងក្រៅទីលាន ដូច្នេះយើងនឹងបន្តធ្វើរហូតដល់យើងទទួលបានវាទាំងពីរ។ ខ្ញុំអាចនិយាយបានថានៅក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះក្លឹបនេះពិតជាមានដំណើរឆ្ពោះទៅមុខ និងច្បាស់លាស់។ នៅពេលដែលខ្ញុំចូលមកគ្រប់គ្រងក្លឹប Tottenham មិនមែនជាក្លឹបដែលប្រកួតប្រជែងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបយ៉ាងទៀងទាត់នោះឡើយ ហើយឥឡូវនេះយើងកំពុងមានក្តីសុបិន្តហើយយើងចង់ឈ្នះ។»

ជាការពិត ដើមឡើយ Tottenham បានសង្ឃឹមថានឹងអាចប្រើប្រាស់កីឡដ្ឋានថ្មីរបស់ខ្លួនមួយនេះ តាំងពីចុងខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែដោយសារបញ្ហាជាច្រើនដែលបង្ខំឲ្យក្លឹបពន្យារពេលក្នុងការចូលទៅប្រកួតនៅលើកីឡដ្ឋានថ្មីមួយនេះ។

គួរដឹងដែរថា កីឡដ្ឋានដ៏ទំនើបមួយនេះ បានចំណាយទុនសាងសងប្រមាណ ៣០០លានផោន ( ប្រមាណក្បែរ ៣៨៣លានដុល្លាអាមេរិក ) សម្រាប់ទំហំគម្រោងដំបូង តែចុងបញ្ចប់ត្រូវលើសខ្ទង់គណនាកើនរហូតដល់ ៨៥០លានផោន ( ប្រមាណក្បែរ ១ពាន់លានដុល្លាអាមេរិក ) និងចុងក្រោយបំផុត ១ពាន់លានផោន ( ប្រមាណ ១,៣ពាន់លាន ដុល្លាអាមេរិក ) ហើយអាចផ្ទុកទស្សនិកជនបាន ៦២,០៦២ នាក់៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់