លីគកំពូលថៃ ផ្អាកការប្រើប្រាស់ប្រព័ន្ធ VAR ដោយសារនៅមានបញ្ហាខ្វះខាត

មាស សុផាណារ៉ុង March 29, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ដែលធ្លាប់បានបញ្ជាក់ថានៅរដូវកាល២០១៩ នៃលីគកំពូលថៃ នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ( VAR ) គ្រប់ការប្រកួតទាំងអស់ បន្ទាប់ពីជោគជ័យកាលពីឆ្នាំ២០១៨ ពេលនេះត្រូវបានដឹងថាកំពុងផ្អាកការប្រើប្រាស់ប្រព័ន្ធដដែលនេះ ដោយសារនៅមានបញ្ហាខ្វះខាត។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មានរបស់ថៃ siamsport បានសរសេរថា សហព័ន្ធកីឡាបាល់ទាត់ថៃ បានសម្រេចផ្អាកការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ( VAR ) ដោយយោងលើមូលហេតុការរៀបចំប្រព័ន្ធនេះ នៅមិនទាន់មានស្ដង់ដារកម្រិតអន្តរជាតិ ដែលអាចទទួលយកបាននៅឡើយ។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហើបអំពីដំណើការនៃការប្រព័ន្ធនេះដែលនាំឲ្យជួបបញ្ហា គឺដោយសារមានទីលានខ្លះនៅមានកង្វះខាតក្នុងការតម្លើងកាម៉េរាឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីបានឃើញពីគ្រប់សកម្មភាពដែលអាជ្ញាកណ្ដាលមិនអាចមើលឃើញ ជាហេតុនាំឲ្យមានការស្នើសុំឲ្យរកដំណោះស្រាយជាមុនសិន មុននឹងបន្តប្រើប្រាស់ប្រព័ន្ធនេះជាថ្មីម្ដងទៀត។

ក្រៅពីនេះមានរឿងមួយទៀតដែលនាំឲ្យសហព័ន្ធផ្អាក គឺដើម្បីរក្សាតម្លាភាព ដោយសារប្រព័ន្ធនេះអាចប្រាកដច្បាស់ដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដែលនាំឲ្យមានការប៉ះពាល់ដល់លទ្ធផល ដូច្នេះករណីដែលទីលានខ្លះពុំអាចដំណើរប្រព័ន្ធនេះបាន វាអាចនាំឲ្យប្រកួតខ្លះមានភាពសុក្រិត្យ និងប្រកួតខ្លះមិនមានភាពសុក្រិត្យ ដែលជាហេតុនាំឲ្យសហព័ន្ធសម្រេចផ្អាក និងសិក្សាស្វែងយល់បន្ថែមឡើងវិញ ប៉ុន្តែពុំទាន់កំណត់បានថានឹងអាចប្រើប្រាស់បានវិញនៅពេលណានៅឡើយ។

សូមបញ្ជាក់ថា ចំពោះការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាលនេះ បានធ្វើឲ្យលីគបាល់ទាត់ក្នុងប្រទេសថៃ ក្លាយជាលីគបាល់ទាត់ដំបូងគេក្នុងតំបន់អាស៊ានដែលប្រើប្រាស់ប្រព័ន្ធ VAR ខណៈកាលពីរដូវកាល២០១៨ លីគថៃ ក៏ធ្លាប់បានប្រើប្រាស់ផងដែរ ប៉ុន្តែមានតែនៅក្នុងការប្រកួតខ្លះៗ និងប្រកួតសំខាន់ៗប៉ុណ្ណោះ៕

 

ប្រភព៖ siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់