សហព័ន្ធកីឡាបាល់ទាត់អ៊ុយរ៉ាហ្គាយ សុំអាវពី Chanathip ក្រោយពេញចិត្តជាមួយទម្រង់លេងកីឡាករូបនេះ

មាស សុផាណារ៉ុង March 28, 2019


 

ថៃ៖ តំណាងសហព័ន្ធកីឡាបាល់ទាត់អ៊ុយរ៉ាហ្គាយ បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករដ៏មានប្រជាប្រិយភាពនៃក្រុមជម្រើសជាតិថៃ Chanathip Songkrasin បន្ទាប់ពីកីឡាកររូបគេបង្ហាញទម្រង់លេងគួរឲ្យទាក់ទាញតាំងពីប្រកួតជាមួយ ចិន ក្នុងពានរង្វាន់ China Cup 2019 នៅប្រទេសចិន រហូតសុំអាវរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ។

នៅពេលដែលត្រូវបានសារព័ត៌មានថៃ ចោទសួរ កីឡាករដែលមានរហស្សនាមថា Messi Jay រូបនេះបានបញ្ជាក់ថា៖ «នៅពេលនោះមានគេប្រាប់ខ្ញុំថា មានខាងសហព័ន្ធអ៊ុយរ៉ាហ្គាយនៅខាងមុខបន្ទប់ផ្លាស់សម្លៀកបំពាក់ និងប្រាប់ថាចង់សុំអាវរបស់ខ្ញុំ ហើយខ្ញុំក៏យល់ព្រម និងចេញទៅក្រៅផ្ដល់អាវដល់ពួកគាត់ រួមទាំងថតរូបជាមួយគ្នា។ គាត់ក៏បានសរសើរថាខ្ញុំលេងបានល្អមែនទែន ខ្ញុំក៏សប្បាយរីករាយដូចគ្នា ប៉ុន្តែខ្ញុំបានប្រាប់ថា សង្ឃឹមថាលោកនឹងមើលឃើញពួកយើងល្អជាក្រុម។»

បន្ថែមលើសពីនេះ ក្រៅពីរឿងដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ ពេលនៅព្រលានយន្ដហោះនៅប្រទេសចិន Chanathip Songkrasin ក៏ត្រូវបានអ្នកគាំទ្រសុំថតរូបជាមួយ ហើយថែមទាំងបាននិយាយថា «អ្នកអាចលេងនៅអ៊ឺរ៉ុប»

សូមបញ្ជាក់ថា Chanathip Songkrasin នៅក្នុងពានរង្វាន់បែបមិត្តភាពកម្ដៅសាច់ដុំនេះ បានរួមចំណែកជួយឲ្យជម្រើសជាតិថៃ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ដដែលនេះមាន ៤ក្រុមចូលរួម ម្ចាស់ផ្ទះចិន , អ៊ុយរ៉ាហ្គាយ , អ៊ូបេគីស្ថាន និងថៃ។

ប្រកួតដំបូង ជម្រើសជាតិថៃ បានឈ្នះជម្រើសជាតិចិន ដោយលទ្ធផល ១ទល់០ ( ១គ្រាប់នោះគឺទាត់ចូលទីដោយ Chanathip ) និងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួប អ៊ុយរ៉ាហ្គាយ តែបានរងបរាជ័យដោយលទ្ធផល ៤ទល់០៕

 

ប្រភព៖ siamsport

រូបភាព៖ siamsport / Changseuk

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់