Gabriel Agbonlahor ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីចំណាយពេល១៤ឆ្នាំនៅលើវាលស្មៅ

មាស សុផាណារ៉ុង March 28, 2019


 

អង់គ្លេស៖ អតីត​សមាជិកជម្រើស​ជាតិ​អង់គ្លេស និងជាសមាជិកចាស់វស្សារបស់ក្រុម Aston Villa កីឡាករ Gabriel Agbonlahor បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍ពី​បាល់ទាត់​ហើយ​ បន្ទាប់ពីចំណាយពេល១៤ឆ្នាំនៅលើវាលស្មៅ។

Agbonlahor បាន​ប្រកាស​ពី​ការ​​ឈប់​លេង​បាល់​នេះនៅលើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ ដោយបានបញ្ជាក់ថា ដល់​ពេល​ផ្លូវ​ការ​ដែល​ត្រូវ​ចូលនិវត្តន៍ និង​​អង្គុយ​មើល Aston Villa​ក្នុងនាមជា​​អ្នក​គាំទ្រ​។

គួរដឹងដែរថា Agbonlahor មិនមាន​ក្លឹប​លេង​ ចាប់​តាំង​ពី​ចាកចេញ​ពី​ក្លឹប Aston Villa ពេល​បញ្ចប់​រដូវ​កាល​២០១៨​ ដោយរក​បាន​៨៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៩១​ប្រកួត​ ឲ្យ Aston Villa និង​បានបង្ហាញខ្លួនឲ្យក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​៣​ដង ផង​ដែរ។

Agbonlahor ធ្លាប់​ជា​កម្លាំង​ដ៏​សំខាន់​​ និងលេងឲ្យ Aston Villa តែមួយគត់ និងធ្លាប់ជួយឲ្យឈរ​លេខ​៦ ​ចំនួន ៣​រដូវ​កាល​ជាប់ៗ​គ្នា​នៅ Premier League ( ២០០៧-០៨, ២០០៨-០៩, ២០០៩-១០ ) Gabby ក៏ធ្លាប់បង្ហាញនៅវគ្គផ្ដាច់ព្រ័ត្រពាន League Cup ដែលចាញ់ Manchester United កាលពីឆ្នាំ២០១០ និងប្ដូរចូលក្នុងជំនួបដែលចាញ់ Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup 2015៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់