ឈ្នះ U-23 ថៃ ៤ទល់០ ម្សិលមិញ ថ្នាក់ដឹកនាំកីឡាវៀតណាម ផ្ដល់រង្វាន់លើកទឹកចិត្តភ្លាម

មាស សុផាណារ៉ុង March 27, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ កាលពីម្សិលមិញបានផ្ដល់នូវកាដូដ៏ពិសេសសម្រាប់ខ្លួនឯង ក៏ដូចជាអ្នកគាំទ្រ តាមរយៈការយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ រហូតដល់ ៤ទល់០ ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល K ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ។

ក្រោយទទួលបានលទ្ធផលជោគជ័យនឹកស្មានមិនដល់ ក្រុម U23 វៀតណាម បានទទួលនូវរង្វាន់លើកទឹកចិត្តភ្លាមៗ ពីថ្នាក់ដឹកនាំកីឡាវៀតណាម។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មានវៀតណាម បានសរសេរថា បន្ទាប់ពីយកឈ្នះលើក្រុម U-23 ថៃ និងកក់សំបុត្រឡើងទៅប្រកួតនៅក្នុងជុំផ្តាច់ព្រ័ត្រពានរង្វាន់ដដែលខាងលើ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានផ្តល់រង្វាន់លើកទឹកចិត្តឱ្យក្រុមវៀតណាម ៥០០.០០០ លានដុង ( ប្រហែល ២១.៧០០ ដុល្លារអាមេរិក ) ខណៈសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បានផ្តល់ឲ្យបន្ថែម ១ពាន់លានដុង ( ប្រមាណ ៤៣.៥០០ ដុល្លារអាមេរិក ) ទៅក្រុមនេះផងដែរ។

សូមបញ្ជាក់ថា U-23 វៀតណាម ទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវគ្គជម្រុះប្រចាំពូល K ដោយរួមពូលជាមួយសុទ្ធតែក្រុមខ្លាំង ថៃ , ឥណ្ឌូនេស៊ី និងព្រុយណេ ក្រុមនេះឈ្នះទាំង ៣ប្រកួត មាន ៩ពិន្ទុពេញ និងមិនមានការរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់។

វៀតណាម ដែលបានឡើងទៅជុំផ្ដាច់ព្រ័ត្រ និងស្ថិតនៅប្រអប់ទី១ ដើម្បីធ្វើការចាប់ឆ្នោតបែងចែកពូល មានក្រុមចំនួន ១៥ផ្សេងទៀត ត្រៀមប្រកួតពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា លើទឹកដីប្រទេសថៃ៕

 

រូបភាព៖ Webthethao / Zing

ប្រភព៖ Zing

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់