វៀតណាម យល់ព្រមចូលរួមពាន King’s Cup នៅថៃ ក្រោយធ្លាប់បដិសេធព្រោះចង់ប៉ះក្រុមដែលខ្លាំងជាងនេះ

មាស សុផាណារ៉ុង March 14, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានឆ្លើយតបទៅនឹងការអញ្ជើញរបស់សមាគមកីឡាបាល់ទាត់ថៃ អំពីការចូលរួមប្រកួតពានបែបមិត្តភាព King’s Cup នាពាក់កណ្តាលឆ្នាំ២០១៩នេះ នៅប្រទេសថៃ បន្ទាប់ពីធ្លាប់ធ្លាប់បដិសេធមិនចូលរួមព្រោះចង់ប៉ះក្រុមដែលខ្លាំងជាងនេះ។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មាន siamsport បានបញ្ជាក់ដោយការស្រង់សម្ដីអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ថៃ ថា វៀតណាម និងឥណ្ឌា នឹងចូលរួមការប្រកួតពានបែបមិត្តភាព King’s Cup 2019 ប៉ុន្តែនៅរង់ចាំការបញ្ជាក់ជាផ្លូវការពីខាងសហព័ន្ធនៃប្រទេសទាំង ២នេះសិន។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ថៃ ដដែលថាមានក្រុមចំនួន ៤នឹងចូលរួម រួមមាន ឥណ្ឌា និងវៀតណាម ខណៈក្រុមមួយទៀតកំពុងស្វែងរកនៅឡើយ។ លោកបាននិយាយថា៖ «ពិតណាស់ យើងនឹងវៀតណាម បានទាក់ទងគ្នា ដោយយើងបានផ្ញើរជាលិខិតអញ្ជើញ និងពុំទាន់ទទួលការឆ្លើយតបនៅឡើយ ប៉ុន្តែប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍ ថានឹងចូលរួមការប្រកួតនេះ។»

ស្រដៀងគ្នាទៅនឹងវៀតណាម សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ក៏ពុំទាន់មានការឆ្លើយតបដូចគ្នា ខណៈក្រុមមួយទៀតដែលថៃ គ្រោងនឹងអញ្ជើញគឺត្រូវបានគេរំពឹងថាជាក្រុមដែលនាំមកដើម្បីឲ្យពាននេះមានការប្រកួតប្រជែងកាន់តែខ្លាំង។

ចាំបានថា មានសេចក្ដីរាយការណ៍មួយបានបង្ហាញថា វៀតណាម បានឆ្លើយតបដោយបដិសេធមិនចូលរួមការប្រកួតនេះឡើយ ពោលគឺម្ចាស់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ២០១៨ រួមទាំងជាក្រុមដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន Asian Cup 2019 និងឈរលេខ ៩៩នៅលើតារាងចំណាត់ថ្នាក់ពិភពលោកមួយនេះ បានប្រកាសកាលពីថ្ងៃទី០៧ ខែកុម្ភៈ ថាក្រុមរបស់ខ្លួន កំពុងសម្លឹងរកក្រុមដែលមានកម្រិតខ្លាំងជាងនេះដើម្បីប្រកួតកម្ដៅសាច់ដុំ ដូចនេះ សម្រេចមិនចូលរួមព្រឹត្តិការណ៍ King’s Cup នេះឡើយ។

ព្រឹត្តិការណ៍ King’s Cup វិញ ពានរង្វាន់បែបមិត្តភាពមួយនេះ គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

 

រូបភាព៖ The-AFC / GettyImages NurPhoto

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់