កីឡាករតែ១៣នាក់ ដែលបានបង្ហាញខ្លួននៅកម្ពុជា មានឱកាសជាប់ U-23 វៀតណាម

មាស សុផាណារ៉ុង March 5, 2019


 

វៀតណាម៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) បានធ្វើការប្រកាសបញ្ជីឈ្មោះបឋមកីឡាករចំនួន ៣៧រូប ដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់នឹងប្រកួតជម្រុះពានជើងឯកយុវជនអាស៊ី អាយុក្រោម២៣ឆ្នាំ ដោយក្នុងនោះមានកីឡាករតែ១៣រូបប៉ុណ្ណោះ ដែលទើបតែបានបង្ហាញខ្លួន ក្នុងពាន AFF U22 LG Cup 2019 នៅកម្ពុជា មានឱកាសជាប់ឈុតនេះ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang-seo បានធ្វើការកោះហៅកីឡាករសុទ្ធតែកំពូលៗ និងជាសមាជិកក្រុមជម្រើសជាតិឈុតធំ ដើម្បីត្រៀមពានរង្វាន់ដ៏សំខាន់សម្រាប់កៅអី អូឡាំពិក ឆ្នាំ២០២០ ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះមួយនេះ ជាក់ស្ដែងតួអង្គគោលដូចជាសមាជិកក្លឹប Hanoi FC កីឡាករ Nguyen Quang Hai , Bui Tien Dung និង Doan Van Hau ជាដើមសុទ្ធតែត្រូវបានកោះចូលវិញ។

បន្ថែមលើសពីនេះ កីឡាករចំនួន ១៣រូបប៉ុណ្ណោះ ដែលទើបតែបានបង្ហាញខ្លួន ក្នុងពានយុវជនអាយុក្រោម២២ឆ្នាំ ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U22 LG Cup 2019 ) ក៏ត្រូវបានកោះហៅចូលឈុតនេះផងដែរ ក្នុងចំណោមកីឡាករ២៣នាក់ ដែលបានមកកម្ពុជា និងជួយក្រុមឲ្យទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានដដែលនេះ។

ក្រុមនេះមានពេល ២សប្ដាហ៍ដើម្បីត្រៀមពានរង្វាន់ខាងលើនេះ ដោយគ្រោងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី០៦ ស្អែកនេះតទៅ នៅទីក្រុងហាណូយ មុននឹងជម្រុះមកនៅត្រឹម២៣នាក់ចុងក្រោយ។

គួរដឹងដែរថា វៀតណាម នឹងត្រូវទទួលធ្វើជាម្ចាសផ្ទះការប្រកួតពាន រង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ប្រចាំពូល K គ្រោងនឹងធ្វើនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ជាមួយ U-23 ថៃ , ឥណ្ឌូនេស៊ី និងព្រុយណេ ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ សម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០៕

 

ប្រភព និងរូបភាព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់