អតីតគ្រូកាយសម្បទាកម្ពុជា លោក Willander Fonseca លាលែងពីការងារជាមួយជម្រើសជាតិវៀតណាម

មាស សុផាណារ៉ុង March 4, 2019


 

វៀតណាម៖ អតីតគ្រូកាយសម្បទានៃក្រុមជម្រើសជាតិកម្ពុជា និងទើបតែកាន់ការងារជាមួយក្រុមជម្រើសជាតិវៀតណាម លោក Willander Fonseca បានសម្រេចលាលែងពីក្រុមជម្រើសជាតិដែលមានរហស្សនាមថា នាគមាស មួយនេះបន្ទាប់ពីកាន់ការងារបានតែប៉ុន្មានខែ។

ដើមឡើយ គ្រូកាយសម្បទាសញ្ជាតិប្រេស៊ីលរូបនេះ បានស្នើសុំសហព័ន្ធកីឡាបាល់ទាត់របស់វៀតណាម ( VFF ) សុំការអនុញ្ញាតឱ្យចាកចេញពីតំណែងជាបណ្ដោះអាសន្ន ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលកម្រិត A ( A-level training course ) នៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) នៅកម្ពុជា ហើយបន្ទាប់មកត្រឡប់មកវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ( VFF ) បានបដិសេធសំណើរបស់ លោក Fonseca ខណៈដែលវៀតណាមកំពុងត្រៀមរៀបចំការប្រកួតវគ្គជម្រុះ ( AFC U23 Championship 2020 ) ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីរបស់ខ្លួន ក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ខាងមុខនេះ និងបានជំរុញឲ្យបុរសវ័យ ៣២ឆ្នាំរូបនេះ ដាក់ពាក្យលាលែងពីតំណែងតែម្ដង។

គួរដឹងដែរថា គ្រូកាយសម្បទា លោក Fonseca បានមកដល់វៀតណាមនៅចុងឆ្នាំ២០១៨ ជំនួសតំណែងគ្រូកាយសម្បទាសញ្ជាតិកូរ៉េខាងត្បូង លោក Bae Ji-won។ លោកបានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយបានចាប់ផ្តើមអាជីពនេះនៅពេលមានអាយុ២០ឆ្នាំ នៅប្រទេសកំណើតរហូតដល់បានផ្លាស់មកធ្វើការនៅក្លឹបលីគកំពូលថៃ Buriram United នៅឆ្នាំ២០១៥ និងក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៧ ជាមួយលោក Leonardo Vitorino ផងដែរ៕

 

ប្រភព និងរូបភាព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់