Muangthong ជាមួយ Buriram ស្ថិតក្នុងស្ថានភាពអាក្រក់ នៅពីរសប្ដាហ៍ដំបូងនៃលីគកំពូលថៃ

មាស សុផាណារ៉ុង March 4, 2019


 

ថៃ៖ ក្រុមខ្លាំងពីរនៃលីគកំពូលថៃ Muangthong United ជាមួយ Buriram United កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដោយពីរសប្ដាហ៍ដំបូងនៅមិនទាន់រកជ័យជម្នះបាននៅឡើយ ពោលគឺបានត្រឹមស្មើ និងចាញ់ រៀងៗខ្លួន។

លីគកំពូលថៃ ( Thai League 1 ) បានចាប់ផ្ដើមតាំងពីថ្ងៃទី២២ ខែកុម្ភៈ ដែលគិតត្រឹមថ្ងៃនេះ គឺប្រកួតបាន២សប្ដាហ៍ហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះក្រុមដ៏ខ្លាំង២ រវាង Muangthong United ជាមួយ Buriram United នៅពុំទាន់រកជ័យជម្នះរៀងៗខ្លួនបាននៅឡើយ ជាក់ស្ដែង Muangthong United ២ប្រកួតកន្លងមកចាញ់ទាំង ២ប្រកួត ស្រពេលដែល Buriram United ២ប្រកួត ស្មើទាំង ២ប្រកួត។

ប្រកួតដំបូង Muangthong United បានចាញ់ក្រុមភ្ញៀង PT Prachuap ដោយលទ្ធផល ០ទល់១ និងសប្ដាហ៍ទី២ ថ្មីៗនេះបន្តចាញ់ Bangkok United ១ទល់០ ទៀត ខណៈ Buriram United ឯណេះវិញ កាលពីប្រកួតដំបូងគឺបានស្មើជាមួយ Chonburi FC ២ទល់២ និងសប្ដាហ៍ទី២ បានបន្តស្មើជាមួយ Suphanburi FC ០ទល់០។

លទ្ធផលមិនល្អបែបនេះ បាននឹងកំពុងធ្វើឲ្យក្រុមទាំង ២បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់មិនល្អដូចគ្នា ជាពិសេស Muangthong United គឺកំពុងស្ថិតនៅតំបន់កាត់ចោល មាន០ពិន្ទុ លើតែក្រុមបាតតារាង PTT Rayong មួយប៉ុណ្ណោះ ខណៈ Buriram United ស្ថិតនៅលេខ៨ មាន២ពិន្ទុ។

តារាងចំណាត់ថ្នាក់សប្ដាហ៍ទី២ នៃលីគកំពូលថៃ៖

ក្រៅតែពី Muangthong United ជាមួយ Buriram ដែលកំពុងស្ថិតក្នុងស្ថានភាពមិនល្អ ក្រុមផ្សេងទៀតដូចជា Chonburi FC និង Suphanburi ក៏ពុំទាន់រកជ័យជម្នះបានដូចគ្នា ដោយបានត្រឹមតែស្មើ និងចាញ់ប៉ុណ្ណោះ។

ការប្រកួតសម្រាប់សប្ដាហ៍ទី៣ នៃលីគកំពូលថៃ គឺនឹងបន្តធ្វើនៅថ្ងៃទី០៨ ទី០៩ និងទី១០ ខែមីនា នេះ៕

 

រូបភាព៖ Thai League / Muangthong United FC. / Buriram

អត្ថបទ៖ ណារ៉ុង

មតិយោបល់