ក្រុមរួមពូល F ជាមួយណាហ្គាវើល ក្នុងពាន AFC Cup អាចនឹងរកឃើញផ្លូវការនៅយប់នេះ

មាស សុផាណារ៉ុង February 12, 2019


 

អាស៊ី៖ ក្រុមរួមពូលជាមួយក្លឹបបាល់ទាត់ណាហ្គាវើល ក្នុងពាន ( AFC Cup 2019 ) ចំនួន២ Yangon United ( របស់មីយ៉ាន់ម៉ា ) និង Hanio FC ( របស់វៀតណាម ) នៅយប់នេះនឹងប្រកួតជម្រុះក្នុងពានកម្រិតកំពូលប្រចាំទ្វីប AFC Champions League 2019 ជុំទី២ មុននឹងប្រាកដកៅអីរបស់ខ្លួនក្នុងការរួមពូល ជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨។

ក្រុមជើងឯករបស់លីគកំពូលមីយ៉ាន់ម៉ា Yangon United យប់នេះនឹងត្រូវតតាំងជាមួយម្ចាស់ផ្ទះ Chiangrai United ដែលជាជើងឯក FA Cup ថៃ សម្រាប់ការប្រកួតជម្រុះជុំទី២ នៃពានកម្រិតកំពូលប្រចាំទ្វីបអាស៊ី ( AFC Champions League 2019 ) នាវេលាម៉ោង ៧:០០ នាទីយប់ ស្របពេលដែលនាមជាក្រុមភ្ញៀវ ក្រុមជើងឯកលីគកំពូលវៀតណាម Hanoi FC ត្រូវប៉ះជាមួយ ក្រុមជើងឯករងលីគកំពូលថៃ Bangkok United ក្នុងវគ្គដូចគ្នានេះ នៅម៉ោងតំណាលគ្នា។

សម្រាប់លទ្ធផល បើយប់នេះ Yangon United ឬក៏ Hanoi FC ឈ្នះ ក្រុមនេះនឹងត្រូវបន្តឡើងទៅវគ្គជម្រុះជុំចុងក្រោយ ប៉ុន្តែបើសិនជាបរាជ័យត្រឹមយប់នេះ នោះក្រុមទាំង២ នឹងអស់តួនាទី ពីពាន AFC Champions League 2019 ហើយត្រូវប្រាកដខ្លួន ១០០ភាគរយ ក្នុងការរួមពូល F ជាមួយ ណាហ្គាវើល សម្រាប់ពានកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) មួយនេះ។

គួររំលឹកដែរថា ណាហ្គាវើល​ ស្ថិត​នៅ​ពូល​ F ជា​មួយ​ក្រុម​ Hanoi FC ម្ចាស់ជើងឯកលីគកំពូល​វៀតណាម ( ក្រុមនេះក៏ស្ថិតក្នុងការរង់ចាំប្រកួតជម្រុះ AFC Champions League ផងដែរ នៅវគ្គជម្រុះជុំទី២ ) ក្រុម Tampines Rovers ( ក្រុមលេខ ៤លីគកំពូល​សិង្ហបុរី ) ដែលប្រាកដកៅអី ​និង​ Yangon United នេះ ( ជើងឯកលីគកំពូលមីយ៉ាន់ម៉ា )។

​ការ​ប្រកួត​​​​នឹង​​ចាប់​ផ្ដើម​ពីថ្ងៃទី២៦​ ខែ​កុម្ភៈ​ ដើម​ឆ្នាំ​ក្រោយតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ ៦ប្រកួត ( ក្នុងដី និងក្រៅដី ) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩ ខណៈនេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូល បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨៕

 

រូបភាព៖ AFC Cup / Yangon United FC / Hanoi FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់