មុនមកកម្ពុជា គ្រូ U-22 ឥណ្ឌូនេស៊ី ថាខ្លួនបានសម្រេចគោលដៅប្រកួតក្រោមសម្ពាធពីទស្សនិកជន

មាស សុផាណារ៉ុង February 11, 2019


 

ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ បានប្រកួតកម្ដៅសាច់ដុំជាមួយក្លឹបក្នុងស្រុកចំនួន២លើក ជាមួយនឹងលទ្ធផលស្មើទាំង ២ប្រកួត។ ទោះបីជាមិនអាចដឹកនាំក្រុមឈ្នះក៏ដោយ គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ លោក Indra Sjafri ក៏មិនមានការខកចិត្តឡើយ។ ផ្ទុយទៅវិញលោកបានអះអាងថារីករាយ ដោយសារតែគោលដៅសម្រាប់ការបោះជំរំនេះបានសម្រេច។

យោងតាមការឲ្យដឹងដោយ លោក Indra ក្នុងការប្រកួត ក្រុមរបស់លោកពុំទទួលលទ្ធផលឈ្នះឡើយ។ ទោះជាយ៉ាងណាគ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេះ បានអះអាងថាបានទទួលនូវអ្វីដែលខ្លួនត្រូវចង់បានពីការប្រកួតកម្ដៅសាច់ដុំ។ លោកថាស្វែងរកបញ្ហាពាក់ព័ន្ធនឹងការដាក់សម្ពាធកូនរបស់ក្រុម ក្រៅពីការដាក់សម្ពាធលើបច្ចេកទេសនៅលើទីលាន អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាយុ១៩ឆ្នាំ រូបនេះក៏កំពុងស្វែងរកសម្ពាធពីបរិយាកាសនៃការប្រកួតផងដែរ ជាពិសេសពីអ្នកគាំទ្រ។

លោក Indra បានថ្លែងថា៖ «យើងទទួលយកបានជាមួយក្រុមម្ចាស់ផ្ទះ និងសម្ពាធរបស់ទស្សនិកជនដូចនេះ ( និយាយក្រោយការប្រកួតកម្ដៅសាច់ដុំទល់នឹងម្ចាស់ផ្ទះ Arema FC )។ មានកីឡាករមួយចំនួន ដែលក្រោមក្រសែភ្នែកទស្សនិកជនដូចនេះ ហាក់ឆ្គងបន្តិច។»

លើសពីនេះទៀតតាមបច្ចេកទេស លោក Indra បានទទួលស្គាល់ថាកីឡាកររបស់គាត់ក៏ស្ថិតក្រោមសម្ពាធពីម្ចាស់ផ្ទះផងដែរ។ នេះអនុញ្ញាតឱ្យកីឡាករគ្រប់គ្រងស្ថានភាពនៅពេលពួកគេស្ថិតនៅក្រោមសម្ពាធ។

ក្រុមដែលស្ថិតនៅក្នុងពូលរួមគ្នា ជាមួយ U-22 កម្ពុជា មួយនេះ គ្រោងនឹងធ្វើដំណើរមករាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីតតាំងក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ( AFF U​​-22 Championship 2019 ) ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៩៕

 

ប្រភព និងរូបភាព៖ PSSI

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់