Cong Phuong បដិសេធសំណើររបស់ក្លឹបជប៉ុន និងបារាំង ដើម្បីចូលរួមជាមួយក្លឹបកូរ៉េខាងត្បូង

មាស សុផាណារ៉ុង February 11, 2019


 

វៀតណាម៖ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងបានសរសេរថា ខ្សែប្រយុទ្ធ Nguyen Cong Phuong បានបដិសេធសំណើរបស់ក្លឹបបាល់ទាត់ជប៉ុន និងបារាំង ដើម្បីចូលរួមជាមួយក្លឹប Incheon United ( នៃលីគកំពូលកូរ៉េខាងត្បូង )។

កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ លោក Nguyen Tan Anh នៃក្លឹប Hoang Anh Gia Lai បានបញ្ជាក់ប្រាប់ Zing.vn ថា Cong Phuong នឹងទៅចូលរួមជាមួយក្លឹប Incheon United ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រយៈពេល ១ឆ្នាំ តែយោងតាមសារព័ត៌មាន Goal Korea បានបញ្ជាក់ថា មិនមែនត្រឹមតែក្រុម Incheon United នៃប្រទេសកូរ៉េខាងត្បូងទេដែលទាក់ទង Cong Phuong តែក្រុម ២ផ្សេងទៀតនៃលីគបាល់ទាត់ជប៉ុន និងបារាំង ក៏បានទាក់ទងខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំនេះផងដែរ។

«Cong Phuong មិនត្រឹមតែចាប់អារម្មណ៍ពីក្រុមរបស់កូរ៉េ Incheon ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានជប៉ុន និងក្លឹបអឺរ៉ុបផងដែរ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏ល្អ ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup គេមានការដាក់សំណើរពីក្លឹបនៅលីគទី២បារាំង។ ស្របពេលកីឡាករ Quang Hai ត្រូវបានដឹងថាព្យាយាមទៅចូលរួមជាមួយក្រុមនៅអេស្ប៉ាញ។»

សារព័ត៌មានដដែលនេះ មិនបានបញ្ជាក់ច្បាស់លាស់ពីក្លឹប នៃលីគបាល់ទាត់បារាំងនោះទេ ប៉ុន្តែបានបញ្ជាក់ថាប្រធានក្លឹប HAGL លោក Doan Nguyen Duc ចង់ឲ្យ Cong Phuong មានឱកាសអភិវឌ្ឍន៍ និងបង្ហាញសមត្ថភាពរបស់គេ នៅ K.League។

នៅឆ្នាំ២០១៦ Cong Phuong បានចូលរួមជាមួយក្លឹបជប៉ុន Mito Hollyhock។ ទោះបីជាមិនបានលេងច្រើនប្រកួតក៏ដោយ ក៏ខ្សែប្រយុទ្ធរូបនេះបានបទពិសោធន៍ជាច្រើន ពីកីឡាករជប៉ុន។ បច្ចុប្បន្ននេះរូបគេកំពុងផ្តោតការយកចិត្តទុកដាក់ជាមួយក្រុមការងារ Hoang Anh Gia Lai ខណៈពេលដែលកំពុងរង់ចាំទិដ្ឋាការមកប្រទេសកូរ៉េ។

បន្ទាប់ពីការប្រកួតក្នុងពានធំជាងគេប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៩ កីឡាករជាច្រើនរបស់ក្រុមជម្រើសជាតិវៀតណាម ត្រូវបានកត់សម្គាល់ដោយក្លឹបបរទេសជាច្រើន។ ក្រោយពីអ្នកចាំទី Dang Van Lam បានចូលរួមជាមួយ Muangthong United , ខ្សែបម្រើកណ្តាល Luong Xuan Truong ចូលរួមជាមួយក្លឹប Buriram United ដែលសុទ្ធសឹងតែនៅលីគកំពូលថៃ៕

 

ប្រភព៖ zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់