ក្លឹប HAGL របស់វៀតណាម អាចបាត់បង់កីឡាករសំខាន់២រូបដែលកំពុងឡើងជើងទៅកូរ៉េ និងថៃ

មាស សុផាណារ៉ុង February 8, 2019


វៀតណាម៖ នាយកប្រតិបត្តិក្លឹបបាល់ទាត់មួយនៃលីគកំពូលវៀតណាមគឺ Hoàng Anh Gia Lai ( HAGL ) លោក Nguyen Tan Anh បានបញ្ជាក់ប្រាប់សារព័ត៌មាន Zing.vn ថា Cong Phuong នឹងទៅលេង Incheon United ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

បច្ចុប្បន្ននេះនីតិវិធីដែលទាក់ទងទៅនឹងការចាកចេញរបស់ Cong Phuong ត្រូវបានបញ្ចប់ហើយដោយរូបគេនឹងទៅប្រទេសកូរ៉េក្នុងពេលឆាប់ៗនេះ។ ចំណែកក្រុមថ្មីរបស់ Cong Phuong មិនមែនជាអ្វីថ្មីសម្រាប់អ្នកគាំទ្រវៀតណាមនោះទេ ពីព្រោះវាក៏ជាកន្លែងដែលកីឡាករ Xuan Truong ធ្លាប់បានចូលរួមលេងកាលពីឆ្នាំ២០១៦ ផងដែរនោះ។ «Cong Phuong នឹងលេងនៅ Incheon United រយៈពេល ១ឆ្នាំជាមួយកិច្ចសន្យាខ្ចីជើង»។ នេះបើតាមការបញ្ជាក់ដោយ លោក Nguyen Tan Anh។ ទន្ទឹមនឹងនេះដែរកីឡាកម្នាក់ទៀតរបស់ HAGL ពោលគឺ Xuan Truong ក៏ទំនងជាចាកចេញផងដែរ ខណៈគោលដៅរបស់គេត្រូវបានគេនិយាយថាគឺជា Buriram United ដែលជាក្រុមជើងឯកលីគកំពូលថៃ ៦សម័យកាល តែទោះបីជាយ៉ាងណាក៏ដោយ លោក Tan Anh បានបដិសេធមិនប្រាប់ព័ត៌មានបន្ថែមអំពីការចរចាររបស់ Xuan Truong នោះទេ។

សូមបញ្ជាក់ថា ទាំង Xuan Truong និង Cong Phuong គឺជាសមាជិកដ៏ល្អបំផុតនៃឈុតដំបូងរបស់ថ្នាលយុវជន JMG Academy ហើយកាលពីឆ្នាំ២០១៦ កីឡាករទាំងពីរនាក់នេះ ត្រូវបានឲ្យជ្រើសរើសទៅចូលរួមក្រុមនៅកូរ៉េ និងជប៉ុន ដោយកាលនោះ Cong Phuong បានចូលរួមជាមួយក្លឹប Mito HollyHock លីគទី២ ជប៉ុន ខណៈដែលកីឡាករ Xuan Truong បានចូលរួមជាមួយ Incheon United និង Gangwon FC នៅកូរ៉េខាងត្បូង។

វាជាការពិតមិនអាចប្រកែកបានដែលថាការចេញទៅលេងនៅក្រៅប្រទេសរបស់កីឡាករវ័យក្មេងវៀតណាមត្រូវបានគេចាត់ទុកថាជាជំហានមួយបន្ថែមទៀតបន្ទាប់ពីលទ្ធផលជោគជ័យដ៏គួរឲ្យកោតសរសើររបស់វិស័យបាល់ទាត់នៅក្នុងស្រុកកាលពីឆ្នាំកន្លងទៅនោះ៕

 

រូបភាព៖ Khenh

ប្រភព៖ zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់