ថៃ អញ្ជើញ វៀតណាម មកចូលរួមពាន King’s Cup តែវៀតណាម បដិសេធព្រោះចង់ប៉ះក្រុមដែលខ្លាំងជាងនេះ

មាស សុផាណារ៉ុង February 8, 2019


ថៃ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានឆ្លើយតបទៅនឹងការអញ្ជើញរបស់សមាគមកីឡាបាល់ទាត់ថៃ អំពីការចូលរួមប្រកួតពានបែបមិត្តភាព King’s Cup នាពាក់កណ្តាលឆ្នាំ២០១៩នេះ នៅប្រទេសថៃ ដោយបានលើកហេតុផលថា  ពួកគេចង់ជួបក្រុមដែលខ្លាំងជាងនេះក្នុងថ្ងៃប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់ពិភពលោក ( FIFA Day ) នោះ។


គួររំលឹកថា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ថៃ បានអញ្ជើញក្រុមជម្រើសជាតិផ្សេងៗដើម្បីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ King’s Cup ឆ្នាំ២០១៩ ដែលក្នុងនោះក៏មានលិខិតមួយផ្ញើរទៅកាន់ក្រុមជម្រើសជាតិវៀតណាមក្នុងគោលបំណងអញ្ជើញមកចូលរួមការប្រកួតដែលត្រូវបានគេរំពឹងថានឹងធ្វើនៅខែមិថុនា ឆ្នាំនេះ។

យ៉ាងណាមិញ ថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានបង្ហញាថា វៀតណាម បានឆ្លើយតបដោយបដិសេធមិនចូលរួមការប្រកួតនេះឡើយ ពោលគឺម្ចាស់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ២០១៨ រួមទាំងជាក្រុមដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន Asian Cup 2019 និងឈរលេខ ៩៩នៅលើតារាងចំណាត់ថ្នាក់ពិភពលោកមួយនេះ បានប្រកាសកាលពីថ្ងៃទី០៧ ខែកុម្ភៈ ថាក្រុមរបស់ខ្លួន កំពុងសម្លឹងរកក្រុមដែលមានកម្រិតខ្លាំងជាងនេះដើម្បីប្រកួតកម្ដៅសាច់ដុំ ដូចនេះ សម្រេចមិនចូលរួមព្រឹត្តិការណ៍ King’s Cup នេះឡើយ។

ជាមួយគ្នាផងដែរ ក្រុមដែលបានផ្តួលដំរីសឹកថៃ យ៉ាងអាម៉ាស់ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ប្រកួតពានធំបំផុតនៅក្នុងទ្វីបអាស៊ី ឬ AFC Asian Cup 2019 គឺក្រុមជម្រើសជាតិឥណ្ឌានោះក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃប្រកាសថាកំពុងពិចារណាក្នុងការអញ្ជើញផងដែរ។ ជុំវិញព្រឹត្តិការណ៍ King’s Cup ឆ្នាំ២០១៩ វិញ ពានរង្វាន់បែបមិត្តភាពមួយនេះ គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

 

រូបភាព៖ The-AFC / GettyImages NurPhoto

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់