សព​ដែល​រក​ឃើញ​ក្នុង​យន្តហោះ​ត្រូវបានកំណត់អត្តសញ្ញាណថាជារបស់កីឡាករ Emiliano Sala

មាស សុផាណារ៉ុង February 8, 2019


អង់គ្លេស៖ សពដែលបានកប់ក្នុងយន្តហោះធ្លាក់ក្នុងជម្រៅបាតសមុទ្រដ៏ជ្រៅនោះត្រូវបានកំណត់ថាគឺ ជាកីឡាករ Emiliano Sala នេះបើតាមការបញ្ជាក់ដោយមន្ត្រីប៉ូលីសដែលស្រាវជ្រាវលើរឿងនេះ។

ក្នុងសេចក្តីថ្លែងការណ៍មន្ត្រីប៉ូលីសបាននិយាយថា៖ «សាកសពបាននាំយកមកកាន់កំពង់ផែ Portland ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានកំណត់ជាផ្លូវការដោយភ្នាក់ងារ ថាជារបស់កីឡាករបាល់ទាត់អាជីព Emiliano Sala។ គ្រួសាររបស់លោក Sala និងអ្នកបើកយន្ដហោះ លោក David Ibbotson ត្រូវបានគេធ្វើបច្ចុប្បន្នភាពព័ត៌មាននេះ»។ សូមបញ្ជាក់ថា សាកសពទាំងនេះត្រូវបានគេប្រទះឃើញនៅក្នុងបំណែកនៃយន្ដហោះកាលពីថ្ងៃចន្ទ ហើយអាជ្ញាធរអាចស្រាវជ្រាវឡើងវិញ ២ថ្ងៃក្រោយ ទោះបីជាមាន «លក្ខខណ្ឌប្រឈម» ក៏ដោយ។

សូមរំលឹកថា យន្តហោះនេះបានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា នៅពេលហោះហើរពីទីក្រុង Nantes ទៅ Cardiff ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុនណោះបន្ទាប់ពីកីឡាកររូបនេះបានបញ្ចប់ការផ្ទេរជាមួយនឹងកំណត់ត្រាសម្រាប់ក្លឹប Cardiff ក្នុងក្របខ័ណ្ឌ Premier League។ យ៉ាងណាក៏ដោយ យន្ដហោះនេះបានបាត់ពី រាដ៉ានៅ English Channel ។ ភ្លាមៗក្រោយពីបាត់ដំណឹង ក្រុមអ្នកស្រាវជ្រាវក៏បានរុករកជាច្រើនថ្ងៃ ប៉ុន្តែបានផ្អាកទៅវិញក្រោយពីរកមិនឃើញតម្រុយណាមួយនោះ។ យ៉ាងណាក៏ដោយ បេសកកម្មនេះបានចាប់ផ្តើមឡើងវិញក្រោយពីមានកីឡាករ និងសប្បុរសជនជាច្រើនបានប្រមូលលុយគ្នាដើម្បីបន្ដការរុករកទៀតរហូតដល់ជួបប្រទះបំណែកយន្តហោះ និងសាកសពជនរងគ្រោះនោះ៕

 

ប្រភព៖ bbc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់